ងាយៗ! បំបាត់ ក៏ដូចជាបង្ការអាការៈរមួលក្រពើ ជាមួយនឹងគន្លឹះដ៏មានប្រសិទ្ធិភាពមួយចំនួនទាំងនេះ
ការរមួលក្រពើ គឺអាការៈនៃជម្ងឺទូទៅបំផុតមួយដែលមនុស្សជាច្រើនធ្លាប់បានជួបប្រទះ។ ជាញឹកញយ វាតែងកើតឡើងដោយសារតែកង្វះជាតិទឹកនៃរាងកាយ ឬកន្ត្រាក់តឹងឡើងនៃសាច់ដុំ។ ប៉ុន្តែពេលខ្លះ វាក៏បណ្ដាលមកពីហេតុផលធ្ងន់ធ្ងរមួយចំនួនផ្សេងទៀតដូចជា ឈាមកក ការតឹងណែនសសៃប្រសាទ ឬកង្វះនៃជាតិរ៉ែចាំបាច់។ ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់មួយចំនួនដែលនឹងជួយអ្នកក្នុងការព្យាបាល កាត់បន្ថយការឈឺចាប់ និងបង្ការអាការៈនៃការរមួលក្រពើ ៖
១. ទទួលទានទឹកឲ្យបានច្រើន ៖ កង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុចម្បង និងញឹកញាប់បំផុតមួយដែលបណ្ដាលឲ្យកើតមានអាការៈរមួលក្រពើ។ ដូច្នេះការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺសំខាន់ខ្លាំងណាស់ជាពិសេសក្នុងកំឡុងពេលហាត់ប្រាណ។ មិនត្រឹមតែប៉ុណ្ណឹងទេ ទឹកថែមទាំងជួយឲ្យអ្នកបានធូរស្រាលពីការឈឺចាប់ក្នុងខណៈពេលកំពុងតែរមួលក្រពើផងដែរ។

២. ទទួលទានអាហារដែលសម្បូរទៅដោយជាតិរ៉ែចាំបាច់ ៖ កង្វះនៃជាតិរ៉ែចាំបាច់ដូចជា កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម
និងសូដ្យូមអាចមានឥទ្ធិពលអាក្រក់ទៅលើសាច់ដុំ ដោយបណ្ដាលឲ្យសាច់ដុំរួម។

៣. ទទួលទានទឹកខ្មេះផ្លែប៉ោម ៖ ដោយសារតែវាមានផ្ទុកនូវបរិមាណដ៏ធំនៃជាតិរ៉ែចាំបាច់ (សូដ្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងប៉ូតាស្យូម) នោះអាការៈនៃការរមួលក្រពើនឹងត្រូវបានកម្ចាត់។ ទឹកខ្មេះផ្លែប៉ោមក៏មានឥទ្ធិពលធ្វើឲ្យសារធាតុរាវផ្សេងៗក្នុងរាងកាយមានតុល្យភាព និងបង្ការកង្វះជាតិទឹកក្នុងរាងកាយផងដែរ។

៤. ធ្វើការម៉ាស្សា ៖ នៅពេលសាច់ដុំត្រូវបានរួម ឬរមួល នោះលំហូរឈាមនឹងមិនអាចហូរឆ្លងកាត់បានគ្រប់គ្រាន់ទេដែលដំណើរការនេះនាំឲ្យកើតមានកង្វះអុកស៊ីសែនរយៈពេលខ្លី និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត។ ការម៉ាស្សាអាចស្តារលំហូរឈាម ផ្ដល់ភាពធូរស្រាលដល់សាច់ដុំ និងកាត់បន្ថយការឈឺចាប់។ វាក៏អាចត្រូវបានប្រើជាវិធានការដើម្បីបង្ការអាការៈរមួលក្រពើផងដែរ។

៥. ស្អំកម្ដៅ និងត្រជាក់ ៖ អ្នកអាចស្អំក្រណាត់ក្ដៅ ឬខ្នើយស្អំកម្ដៅលើសាច់ដុំដែលរមួល។ វិធីនេះជួយផ្ដល់ភាពធូរស្រាលដោយបង្កើនលំហូរឈាមទៅកាន់សាច់ដុំ។ អ្នកអាចប្រើទឹកកកដើម្បីស្អំបានដែរ ដោយវានឹងជួយធ្វើឲ្យតំបន់ដែលទទួលរងផលប៉ះពាល់ស្ពឹក និងកាត់បន្ថយការហើម។ អ្នកក៏អាចស្អំផ្លាស់ប្ដូរគ្នាម្ដងត្រជាក់ ហើយម្ដងក្ដៅ។ ប៉ុន្តែវិធីសាស្ត្រក្រោយនេះមិនសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម ឈឺក្បាលប្រកាំង ឬអ្នកមានបញ្ហាសុខភាពដទៃទៀតដែលស្ពឹកអវយវៈ អនុវត្តន៍ឡើយ។

៦. កុំអង្គុយពេញមួយថ្ងៃ ៖ បើទោះបីជាការងាររបស់អ្នកតម្រូវឲ្យអង្គុយពេញមួយថ្ងៃក៏ដោយ យ៉ាងហោចណាស់ព្យាយាមក្រោកឈររៀងរាល់ ៤ម៉ោងម្ដង និងដើរកំឡូងពេលទៅទទួលទានអាហារពេលថ្ងៃត្រង់ ប្រសិនបើអាច។

៧. សន្ធឹងសាច់ដុំដោយប្រើកន្សែង ៖ ខណៈពេលកំពុងតែរមួលក្រពើ វាពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងការសន្ធឹងសាច់ដុំ។ អ្នកអាចប្រើ កន្សែងធម្មតា កន្សែងបង់ក ឬក្រវ៉ាត់ក ក៏បាន។ ដើម្បីអនុវត្តន៍ចូរមើលតាមរូបភាពខាងក្រោមសម្រាប់រយៈពេល ៣០ វិនាទី។

៨. សន្ធឹងម្រាមជើង ៖ ខណៈពេលកំពុងតែរមួលក្រពើ ការសន្ធឹងម្រាមជើង គឺមានប្រយោជន៍ខ្លាំងណាស់។ អ្នកអាចអនុវត្តន៍វាដើម្បីទុកជាការបង្ការកុំឲ្យកើតមានផងដែរ។ អនុវត្តន៍ដូចក្នុងរូបភាពបានបង្ហាញ។

៩. ងូតទឹកក្ដៅដែលលាយជាមួយនឹងអំបិល Epsom (អាចរកទិញបាននៅតាមផ្សារទំនើប) ៖ វាជាវិធីដ៏ប្រសើរបំផុតដើម្បីធ្វើឲ្យរាងកាយទទួលបាននូវសារជាតិម៉ាញ៉េស្យូមបន្ថែម។ មនុស្សមួយចំនួនទទួលបាននូវជាតិម៉ាញ៉េស្យូមតាមរយៈការស្រូបយករបស់ស្បែកជាជាងនៅពេលទទួលទានអាហារដែលមានផ្ទុកជាតិនេះ។ ការត្រាំទឹកអំបិល Epsom អាចកាត់បន្ថយ ក៏ដូចជាបង្ការអាការៈនៃការឈឺចាប់សាច់ដុំបានផងដែរ។

១០. ហើយកុំភ្លេច ៖ តែងសន្ធឹងសាច់ដុំ ឬពត់ពែនខ្លួន កម្ដៅសាច់ដុំ នៅមុនពេល និងក្រោយពេលធ្វើលំហាត់ប្រាណ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside