ភីអិនអិននៅតែបន្តលើកស្ទួយសាច់រឿងខ្មែរ និងផ្តោតលើការពង្រឹងគុណភាពរឿងក្នុងឆ្នាំ២០២០
អស់រយៈពេលជាងបីឆ្នាំកន្លងមកហើយដែលស្ថានីយទូរទស្សន៍ភីអិនអិនបានដាក់ដំណើរការផ្សាយរឿងភាគខ្មែររហូតមកដល់បច្ចុប្បន្ននេះ ហើយក៏ទទួលលបានជោគជ័យយ៉ាងខ្លាំងផងដែរ តាមរយៈស្នាដៃនិពន្ធរបស់អ្នកនិពន្ធល្បីៗ តួសម្តែងដែលមានទេពកោសល្យ បូករួមទាំងបច្ចេកទេសក្នុងការថតជាដើម ដែលធ្វើអោយគុណភាពរឿងភាគខ្មែរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះបីជាមានការគាំទ្រយ៉ាងណាក្តី ស្ថានីយទូរទស្សន៍ភីអិន នៅតែព្យាយាមរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងរឿងភាគខ្មែរអោយកាន់តែខ្លាំងបន្ថែមទៀតក្នុងឆ្នាំ២០២០ខាងមុខ ដោយនឹងជ្រើសរើសប្រភេទសាច់រឿងល្អៗ ដែលលេចចេញពីស្នាដៃអ្នកនិពន្ធល្បីៗនៅកម្ពុជាដោយមិនចម្លង ឬទិញសិទ្ធពីបរទេសមកផលិតឡើយ។
ក្រៅពីការតែងនិពន្ធក្នុងនោះស្ថានីយទូរទស្សន៍ភីអិនអិន ក៏មានការសម្រឹតសម្រាំង តួសម្តែងដែលមានទេពកោសល្យ និងអាចបញ្ចូលអារម្មណ៍ជាមួយការនិយាយផ្ទាល់ដោយមិនបញ្ចូលសម្លេងបានយ៉ាងល្អ បូករួមបច្ចេកទេសថ្មី ជាពិសេសគឺការបន្ថែមម៉ោងចាក់ផ្សាយនៅក្នុងម៉ោងមាសរហូតដល់ ៦០០ម៉ោងក្នុងមួយឆ្នាំ និងការបោះទុនបន្ថែមក្នុងការផលិតរឿងភាគខ្មែរ ដែលឆ្នាំមុនៗភីអិនអិនបានផលិតរឿងភាគខ្មែរប្រហែលជា៤០០ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ នេះបើតាមការលើកឡើងរបស់ កញ្ញាទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។

រឿងភាគខ្មែរល្បីៗដែលត្រៀមនឹងចាក់ផ្សាយសម្រាប់ឆ្នាំ២០២០នេះមានដូចជារឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ» «អ្នកម៉ាក់វ័យក្មេង» «សង្គ្រាមមរតក» «សព្វសិទ្ធ» និង «អ្នកទីបី» រួមនឹងរឿងភាគខ្មែរជាច្រើនទៀតដែលស្ថិតនៅក្នុងគម្រោងផលិតនិងចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។
ដោយឡែកសម្រាប់អ្នកនិពន្ធល្បីៗដែលនឹងមកសហការផលិតជាមួយស្ថានីយទូរទស្សន៍ភីអិនអិនមានដូចជា អ្នកស្រី ពាន់ ភួងបុប្ផា អ្នកស្រី ម៉ី សនសុធារី អ្នកស្រី សុម៉ាលី រួមនិងអ្នកនិពន្ធដែលមានស្នាដៃជាច្រើនរូបទៀត។
ស្ថានីយទូរទស្សន៍ភីអិនអិនរំពឹងថាសម្រាប់ឆ្នាំ២០២០ខាងមុខ នឹងរឹតតែធ្វើអោយទស្សនិកជនមានការគាំទ្រកាន់តែខ្លាំង ដោយមានការរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអោយរឿងភាគខ្មែរកាន់តែមានគុណភាពជាងឆ្នាំកន្លងទៅ៕


