រថយន្តក្រុងក្រុមហ៊ុនឯកជនទាំងអស់នៅថៃ ចង់ដឹកភ្ញៀវថ្ងៃចូលឆ្នាំ ទាល់តែឆ្លងកាត់ដំណាក់កាលនេះសិនទើបអាចដឹកបាន
ថៃ៖ ដើម្បីរក្សាសុវត្ថិភាពរបស់អ្នកដំណើរក្នុងសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យគ្រប់រថយន្តក្រុងរបស់ក្រុមហ៊ុនឯកជនទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពជាមុនសិនទើបអាចដឹកអ្នកដំណើរក្នុងឱកាសពិធីបុណ្យសង្ក្រាន្តថៃបាន។
បើយោងតាមលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ចូនថៃបានប្រាប់ឲ្យដឹងថា ការរឹតបណ្តឹងនេះផ្នែកសុវត្ថិភាពត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានដោយយថាហេតុក្នុងពិធីបុណ្យដ៏សប្បាយរីករាយខាងមុខនេះ ព្រោះថាកាលពីខែមុននេះមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តក្រុងគ្មានស្តង់ដាសុវត្ថិភាពបានកើនឡើង និងបានបង្កឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស។
លោកបានបន្ថែមទៀតថា រថយន្តក្រុងក្រុមហ៊ុនឯកជនទាំងអស់ទាល់តែមានលិខិតបញ្ជាក់ស្តង់ដារពីក្រសួង ទើបអាចអនុញ្ញាតិឲ្យដឹកអ្នកដំណើរបានក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ។
សូមបញ្ជាក់សង្ក្រាន្តថៃនឹងរៀបចំឡើងចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ហើយគេរំពឹងថានឹងមានអ្នកដំណើរប្រមាណជា ៦០០,០០០នាក់ នឹងធ្វើដំណើរតាមរថយន្តក្រុង ខណៈដែលពេលនេះគេបានត្រៀមរថយន្តក្រុងពីរជាន់ចំនួន ៧,០០០ គ្រឿងហើយ សម្រាប់បំពេញសេចក្តីត្រូវការរបស់អ្នកដំណើរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost