ម្តាយបញ្ចុកកូនក្អុករស់ឲ្យកូនខ្លួនឯងញ៉ាំស្រស់ៗ ដើម្បីឲ្យកូនមានសុខភាពល្អរឹងមាំ រងការរិះគន់យ៉ាងខ្លាំង (មានវីដេអូ)
ចិន៖ វីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់ស្ត្រីជាម្តាយម្នាក់កំពុងតែបញ្ចុកកូនក្អុករស់ឲ្យកូនខ្លួនឯងញ៉ាំ ត្រូវបានគេបង្ហោះ និងមានការចែករំលែកបន្តពេញបណ្តាញសង្គមចិន។ សកម្មភាពនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានចម្ងល់ជាខ្លាំង ដោយជាទូទៅគេបានគិត ថាការញ៉ាំសត្វឆៅដូចនេះមិនល្អសម្រាប់សុខភាពនេះទេ។
ឆ្លើយតបទៅនឹងចម្ងល់របស់មហាជននេះ ស្ត្រីជាម្តាយបានប្រាប់ឲ្យដឹងថា ការដែលឲ្យកូនតូចញ៉ាំកូនក្អុកឆៅដូចនេះ នឹងធ្វើឲ្យកូនមានសុខភាពល្អ រឹងមាំ ធន់នឹងជំងឺផ្សេងៗទៅវិញ។ គួរបញ្ជាក់ដែរថា ការញ៉ាំកូនក្អុកទាំងរស់នេះគឺជាទម្លាប់មួយដែលបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួនក្នុងប្រទេសចិនជាយូរណាស់មកហើយ ដោយប្រជាជនទាំងនោះសុទ្ធតែមានគំនិតដូចស្ត្រីខាងលើនេះទាំងអស់។
យ៉ាងណាក្តី បើយោងតាមមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិប្រចាំនៅប្រទេសចិន បានអះអាងថា ១១,៩៣% នៃសត្វក្អុករស់គឺមានផ្ទុកទៅដោយប៉ារ៉ាស៊ីត និងសត្វល្អិតផ្សេងៗដូចជាព្រូន និងដង្កូវជាដើម ហើយការញ៉ាំកូនក្អុករស់នេះអាចបង្កឲ្យមានមេរោគផ្សេងៗក្នុង ខ្លួនមនុស្សផងដែរ។ បើទោះជាមានការអះអាងយ៉ាងនេះក្តី តែប្រជាជនចិនមួយចំនួននៅតែមិនបោះបង់ទម្លាប់ញ៉ាំកូនក្អុកឆៅនេះចោលទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ medium

