ពិព័រណ៌មិត្តភាពផលិតផលជប៉ុនខ្មែរលើកទី១ទទួលគាំទ្រយ៉ាងខ្លាំងពីមហាជនជាសញ្ញាថ្មីទាក់ទាញជប៉ុន
ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្ពុជា និងជប៉ុន ភាគីទាំងពីរ បានប្រកាសបើកកម្មវិធីតាំងពិព័រណ៌ខ្មែរ-ជប៉ុន ឬ Japan Festival Cambodia 2019 លើកដំបូង នៅផ្សាររាត្រីរយៈពេលពីថ្ងៃកន្លងមកនេះទទួលការគាំទ្រយ៉ាងខ្លាំងដោយមានមនុស្សចូលរួមរាប់ម៉ឺននាក់ ខណៈវិនិយោគិនកម្ពុជា បានដាក់ក្ដីរំពឹងក្រោយពិព័រណ៌នេះ នឹងកៀងគរវិនិយោគិនជប៉ុនមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។
ពិធីបើកកម្មវិធីតាំងពិព័រណ៌ខ្មែរ-ជប៉ុននៅផ្សាររាត្រិរាជធានីភ្នំពេញបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងឯកឧត្តម ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា រួមទាំងលោក ឈួន រ៉េនឌី នាយកប្រតិបត្តិក្រុមហ៊ុន Entrepreneurs KH និងលោក Daiki Homa នាយកប្រតិបត្តិក្រុមហ៊ុន Trust & True Global Link ដែលបានចាប់ដៃគ្នារៀបចំការតាំងពិព័រណ៍នេះផងដែរ ។

លោក ឈួន រ៉េនឌី ដែលដឹកនាំកម្មវិធីនេះឡើងបានបញ្ជាក់ថា ការតាំងពិព័រណ៌ខ្មែរ-ជប៉ុននេះ គឺមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-វិច្ឆិកា និងថ្ងៃទី០១-ធ្នូ ដោយមាន ១៤ក្រុមហ៊ុនចូលរួម ។ លោកថា ពិព័រណ៍នេះ គឺផ្ដោតសំខាន់លើការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ជប៉ុន ពិសេសគឺការបើកភ្លើងខៀវ និងទាក់ទាញវិនិយោគិនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាបន្ថែម ក៏ដូចជាអំពាវនាវដល់វិនិយោគិនកម្ពុជា ក្នុងត្រៀមស្វាគមន៍វិនិយោគិនជប៉ុនផងដែរ ។
ជាមួយគ្នានោះលោក Daiki Homa បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាឱកាសវិនិយោគលើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យជាដើម ។ ដូច្នេះតាមរយៈការរៀបចំពិព័រណ៌នេះ លោកថាមិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាពដ៏ជិតស្និតរវាងកម្ពុជា-ជប៉ុននោះទេ ថែមទាំងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា សម្រាប់វិនិយោគិនបរទេសទៀតផង ពិសេសវិនិយោគិនជប៉ុនតែម្ដង ៕
រូបថត៖ ថ្នាក់ដឹកនាំជាច្រើនរូបអមឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើកកម្មវិធី



















