ទំពាំងស្នងឬស្សី! ក្មេងតូចៗធ្លាប់តែអង្គុយរៀនក្រោមដំបូលធ្លុះធ្លាយ ពេលនេះទទួលបានទាំងអគារថ្មី និងបណ្ណាល័យថ្មី នៅតំបន់ដាច់ស្រយាលក្នុងខេត្តប៉ៃលិន
អគារសិក្សា និងអគារបណ្ណាល័យថ្មី ត្រូវបានសាងសង់រួចរាល់ ព្រមទាំងសម្ពោធនិងប្រគល់ជូនដល់សាលាបឋមសិក្សាចែងធំ ដែលស្ថិតនៅក្នុង ភូមិវាលចែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមូលនិធិ ខេ អឹម អេច (KMH Foundation) ក៏ដូចជាមានការចូលរួមជាមួយ WorldPop Foundation។

អគារសិក្សា និងអគារបណ្ណាល័យថ្មី ត្រូវបានចាប់ផ្ដើមកសាងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ រហូតដល់ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុន ISI STEEL ពិតជាមានមោទកភាពជាទីបំផុតដែល មូលនិធិ ខេ អឹម អេច (កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ISI GROUP) និងមូលនិធិអតិថិជន វើលដ៍ ផប (កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន World Pop Travel &Tour) បានជាវផ្ទះមេគង្គសម្រាប់ធ្វើជា សាលារៀន និងបណ្ណាល័យ សម្រាប់ប្អូនៗសិស្សានុសិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តប៉ៃលិន។
ក្រោយទទួលបានអគារសិក្សាថ្មី ប្អូនៗសិស្សដែលបោះបង់ការសិក្សាបានវិលត្រលប់មកសាលារៀនវិញ ហើយចំនួនសិស្សបានកើនឡើងពី ៤៥នាក់ ទៅ៨៧នាក់ ហើយប្អូនៗកុមារក៏សប្បាយរីករាយយ៉ាងខ្លាំង ដែលបានទាំងអគារសិក្សាថ្មី អគារបណ្ណាល័យថ្មី ទីធ្លាកំសាន្ត និងថែមទាំងបានកង់ ដើម្បីទុកជិះធ្វើដំណើរមកសិក្សាថែមទៀតផង៕




