សេដ្ឋកិច្ច អន្តរជាតិ

GDP របស់វៀតណាមហក់ឡើង ៧.០២% ក្នុងឆ្នាំ២០១៩នេះ

BY
autoadmin
December 30, 2019

ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសវៀតណាមសម្រេចបាននូវកំណើនផលិតផលក្នុងស្រុក (GDP) សរុប ៧.០២% នៅក្នុងឆ្នាំ២០១៩ ដែលកើនឡើងលើសពីគោលដៅប្រចាំឆ្នាំពី ៦.៦-៦.៨%។ នេះជាឆ្នាំទី២ ជាប់ៗគ្នា ដែលប្រទេសវៀតណាមទទួលបានកំណើនផលិតផលក្នុងស្រុកសរុបជាង ៧% ចាប់តាំងពីឆ្នាំ២០១១មក។ នៅត្រីមាសទី៣ និងទី៤ ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៧.៤៨ និង ៦.៩៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសវៀតណាមបានកំណត់ទិសដៅរួចរាល់ហើយដែរ ដើម្បីទទួលបានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៦.៨% នៅឆ្នាំក្រោយ។ ដោយកាលពីខែធ្នូ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP របស់វៀតណាមពី ៦.៨ ដល់ ៦.៩% នៅក្នុងឆ្នាំ២០១៩ និងពី ៦.៧ ទៅ ៦.៨% នៅឆ្នាំ២០២០។

ក្នុងឆ្នាំ២០១៩ វៀតណាមប្រមូលចំណូលពាណិជ្ជកម្មបាន ៥១៦.៩ពាន់លានដុល្លារ និងចំណូលនាំចេញ ២៦៣.៤ពាន់លានដុល្លារ កើនឡើង ៨.១% ធៀបនឹងឆ្នាំ២០១៨ និងចំណូលនាំចូល ២៥៣.៥ពាន់លានដុល្លារ កើនឡើង ៧% និងប្រកាសអតិរេកពាណិជ្ជកម្ម (ផលលើស) ៩.៩៤ពាន់លានដុល្លារ។ ការិយាល័យដដែលបាននិយាយថា ទន្ទឹមនឹងនេះសន្ទស្សន៍តម្លៃទំនិញ (CPI) របស់ខ្លួន ដែលវាស់វែងការផ្លាស់ប្តូរតម្លៃដែលអតិថិជនចំណាយសម្រាប់កញ្ចប់ទំនិញ និងសេវាកម្មចំនួន ១១ បានកើនឡើង ២.៧៩% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួ

Share This Post: