ប៉ះគ្នាមិនធម្មតា ឆឹម សក្កដា និង ដួង ម៉ានិច ដើរតួម្តងពីរក្នុងរឿងតែមួយ
ទាំងលោក ឈឹម សក្កដា និងកញ្ញា ដួង ម៉ានិច អ្នកទាំងពីរសុទ្ធតែជាតារាសម្តែងដែលកំពុងមាន ទីផ្សារខ្លាំងតាមរយៈទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់មិនថាទម្រង់បែបណា។ អ្វីដែលរឹតតែពិសេសតារាសម្តែងឆ្នើមទាំងពីរដួងនឹងត្រូវចេញមកអង្រួនអារម្មណ៍អ្នកគាំទ្រក្នុង រឿងភាគខ្មែរថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ហើយកាន់តែពិសេសមិនធម្មតានោះ គឺអ្នកទាំងពីរសុទ្ធតែត្រូវសម្តែងជាតួអង្គពីរក្នុងរឿងភាគថ្មីដើមឆ្នាំរបស់ហង្សមាសតែម្តង។

តាមការបង្ហាញខ្លះៗពីរឿងភាគខ្មែរថ្មីមួយនេះពីទំព័រហ្វេសប៊ុកផ្លូវការ Hang Meas Khmer Drama លោក ឆឹម សក្កដា នឹងត្រូវដើរតួជាស្វាមីរបស់កញ្ញា ដួង ម៉ានិច និងត្រូវដើរតួមួយទៀតគឺជាកូនរបស់ ខ្លួនឯងផ្ទាល់។ ចំណែកឯកញ្ញា ដួង ម៉ានិច ដ៏ល្វតល្វន់របស់យើងវិញគឺត្រូវសម្តែងជាតួអង្គតែមួយទេ តែត្រូវសម្តែងតាំងពីក្មេងរហូតដល់ចាស់ ពោលគឺត្រូវសម្តែងនៅពេលក្មេងនិងពេលចាស់។
គ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំទស្សនារឿងភាគខ្មែរថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះយ៉ាងខ្លាំងព្រោះ មិនត្រឹមតែចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងប៉ុណ្ណោះទេ រឿងភាគខ្មែរថ្មីមួយនេះនឹងត្រូវចាក់ ផ្សាយជូនទស្សនាក្នុងម៉ោងថ្មីមិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7 – 8 យប់ ចាប់ពីថ្ងៃទី6 ខែមករា ឆ្នាំ2020 នេះតទៅ។


