រក្សាទុកអាហារឲ្យនៅតែស្រស់បានយូរនឹងលែងជាបញ្ហាលំបាកទៀតហើយ ប្រសិនបើអ្នកអនុវត្តន៍តាមគន្លឹះទាំងនេះ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងពីគន្លឹះងាយៗបំផុតដើម្បីរក្សាទុកអាហារឲ្យនៅតែស្រស់បានយូរ ៖
១. ទឹកដោះគោស្រស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺបង្កកវាទុកក្នុងទូរទឹកកក។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាទុកនេះមិនត្រូវឲ្យលើសពី ៤ ទៅ ៦ សប្តាហ៍ឡើយ ហើយមុននឹងដាក់ឲ្យកក ត្រូវចាក់ទឹកដោះគោចេញខ្លះសិន ក៏ព្រោះការបង្កកធ្វើឲ្យចំណុះ ឬបរិមាណនៃទឹកដោះគោកើនឡើង។

២. ស៊ុត ៖ ក្នុងករណីមិនអាចប្រើប្រាស់ស៊ុតអស់ទាំងអស់ក្នុងពេលដែលវានៅថ្មីស្រស់ៗ ឬត្រូវការប្រើតែផ្នែកពណ៌ស នោះវិធីដ៏ងាយបំផុតដើម្បីរក្សាទុកឲ្យវានៅតែស្រស់បានយូរ គឺដាក់បង្កកវាទុកក្នុងទូរទឹកកក! គ្រាន់តែគោះបំបែក ហើយចាក់វាចូលក្នុងប្រដាប់សម្រាប់ដាក់បង្កកទឹកក និងរោយអំបិល ឬស្ករបន្តិចពីលើជាការស្រេច។ ស៊ុតដែលកកអាចនៅស្រស់ល្អបានដល់ទៅ ៦ ខែឯណោះ។

៣. ទឹកជ្រលក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់វាចូរកញ្ចប់ផ្លាស្ទិកដែលមានរ៉ូត បន្ទាប់មករ៉ូតបិតឲ្យជិត ហើយសឹមដាក់ចូលកន្លែងកកជាការស្រេច។ ប្រើប្រាស់នៅពេលណាដែលត្រូវការ។

៤. សាឡាត់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំស្លឹកសាឡាតក្នុងក្រដាសជូតមាត់ប្រភេទរឹង។ វិធីនេះជួយឲ្យសាឡាតនៅស្រស់ មិនរលួយបានរហូតដល់ទៅ ១សប្តាហ៍។

៥. ផ្លែប៉ោម ៖ គ្រាន់តែរក្សាទុកក្នុងទូរទឹកកកផ្លែប៉ោមអាចនឹងនៅស្រស់បានដល់ទៅ ៣ ឬ ៤ ខែ ឯណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវដាក់វាឲ្យប៉ះគ្នាឡើយ គឺយកល្អគួរប្រើក្រដាសកាសែតរុំ ឬឃាំងផ្លែនីមួយ។

៦. ការ៉ុត ៖ ដើម្បីរក្សាឲ្យការ៉ុតនៅតែស្រស់បានយូរ អ្វីដែលអ្នកត្រូវធ្វើ គឺទុកវាក្នុងខ្សាច់។

៧. គ្រីមជូរ និង ឈីស cottage ៖ វានឹងនៅតែស្រស់បានយូរជាងធម្មតាដល់ទៅ ២ ដង ប្រសិនបើអ្នករក្សាវាទុកក្នុងទូរទឹកកក ដោយដាក់ផ្កាប់ចុះ។

៨. ស្លឹកខ្ទឹម ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាវាទុកក្នុងកែវ ឬក្រឡដែលមានទឹក។

៩. បន្លែបៃតង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាទុកវានៅក្នុងក្រឡកែវមានគម្របបិទជិត។ ចំពោះខ្ទឹមបារាំង ខ្ទឹមស និងជី ពួកវានឹងនៅតែរក្សាបាននូវក្លិន ក៏ដូចជារសជាតិបានដល់ទៅ ១ ខែ ឯណោះ ប្រសិនបើអ្នករក្សាទុកវាក្នុងក្រឡកែវ។ បន្លែបៃតងនឹងមិនរលួយ ក្រៀមស្វិត ឬបាត់បង់ក្លិនរបស់វាឡើយ។

១០. ទឹកឃ្មុំ ៖ ដើម្បីរក្សាទុកទឹកឃ្មូំឲ្យនៅតែល្អបានរាប់ឆ្នាំ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរក្សាវាទុកនៅក្នុងក្រឡកែវពណ៌ដិតស្រអាប់ ហើយមានគម្របបិទជិតល្អ។ក្រឡដែលធ្វើឡើងពីលោហធាតុ កំប៉ុងដែក ឬសង្កសី គឺមិនសាកសមសម្រាប់រក្សាទុកទឹកឃ្មុំឡើយ ដោយសារតែវានឹងប្រែជាច្រែះ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside, Fresheggsdaily