សុខភាព

ក្រសួងចេញវិធានការ៤យ៉ាង ចំពោះការី​និង​ភ្នាក់ងារ​ទេសចរណ៍ ដើម្បីបង្ការ COVID-19

BY
Khmernote Media
February 19, 2020

នៅរសៀលនេះ​​ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​អំពី​ការ​បង្ការ​ឆ្លង COVID-19 ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍។ វិធាន​ការ​បង្ការ​ការ​ចម្លង​ជំងឺ​រលាក​សួត​វីរុស​កូរ៉ូណា​ថ្មី សម្រាប់​ទេសចរ​មាន ៤ យ៉ាង៖

១- ត្រូវ​ជូន​ដំណឹង​ដល់​ទេសចរ​ឲ្យ​ដឹង​អំពី​វិធាន​ការ​ត្រួត​ពិនិត្យ​គ្រប់​អ្នក​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ អំពី​ជំងឺ​រលាក​សួត​វីរុស​កូរ៉ូណា​ថ្មី ឆ្នាំ ២០១៩ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ ការ​ត្រួត​ពិនិត្យ​នេះ​មាន​នៅ​គ្រប់​ច្រក​អន្តរជាតិ​ផ្លូវ​អាកាស ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​គោក និង​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​ទឹក។

២- ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ប្រឹក្សា​យោបល់​ផ្នែក​សុខភាព ជាពិសេស​ទៅ​ដល់​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រងគ្រោះ​នានា (រយៈពេល ១៤ ថ្ងៃ​កន្លង​ទៅ) រួម​មាន៖ ទីក្រុង​វូហាន ជីជាំង ជីប៊ី ហ៊ួងហ្កាង លីឈួន ជីវចូវ គីនជាំង ស៊ីជាំង ហ៊ួងស៊ី ជាននឹង សៀវហ្កាន អិនស៊ី និង​គ័ងចូវ នៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន ឬ​ទីក្រុង​ផ្សេង​ទៀត​ដែល​អាច​នឹង​ប្រកាស​ថា ជា​តំបន់​ផ្ទុះ​ជំងឺ​រាតត្បាត និង​បង្ហាញ​ពី​រោគសញ្ញា​ដូចជា​គ្រុន​ក្ដៅ ក្អក កណ្ដាស់ រលាក​បំពង់ក ហៀរសំបោរ ឬ​មាន​អាការៈ​ពិបាក​ដកដង្ហើម។ ទី​ភ្នាក់ងារ​ទាំង​នេះ​គួរ​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​អំពី​រលាក​សួត​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ឆ្នាំ ២០១៩ (COVID-19)។ ប្រសិនបើ​នរណា​ម្នាក់​មាន​រោគ​សញ្ញា​ដូចជា គ្រុន​ក្ដៅ ក្អក កណ្ដាស់ រលាក​បំពង់ក ហៀរ​សំបោរ និង​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍​គួរតែ​ផ្អាក​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ។

៣- ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍​គួរតែ​ជូន​ដំណឹង​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អ្នក​អម​ដំណើរ​ទេសចរ អំពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ឆ្នាំ ២០១៩ (COVID-19) តំបន់​ហានិភ័យ ការ​ចម្លង និង​រោគសញ្ញា។ ​មគ្គុទ្ទេសក៍​ទេសចរណ៍​គួរតែ​ផ្ដល់​ម៉ាស់​ការពារ ទឹក​អាល់កុល និង​ណែនាំ​ពី​ការ​ថែទាំ​សុខភាព។ ប្រសិនបើ​ទេសចរ​មាន​ជំងឺ មគ្គុទ្ទេសក៍​ទេសចរណ៍​គួរតែ​ណែនាំ​ទេសចរ​ទៅ​រក​មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​នោះ​ជា​បន្ទាន់ និង​ប្រាប់​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ដល់​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល។

៤- បន្ថែម​ការ​យក​ចិត្ត​ទុកដាក់ និង​ការ​យល់​ដឹង​អំពី​ភាព​ស្អាត ឬ​អនាម័យ​នៃ​រថយន្ត​ក្រុង និង​យានយន្ត​ណា​ដែល​បាន​ប្រើ​សម្រាប់​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទេសចរ គឺជា​ការ​ចាំបាច់​សម្រាប់​ក្រុមហ៊ុន/បុគ្គលិក​ដែល​ទទួល​ខុស​ត្រូវ ក្នុង​ការ​សម្អាត និង​កម្ចាត់​មេរោគ។ គួរតែ​ផ្ដោត​សំខាន់​ជា​ពិសេស​ទៅ​លើ​ផ្នែក​ដែល​អ្នក​ធ្វើ​ដំណើរ​ប្រើប្រាស់ និង​ប៉ះពាល់​ញឹកញាប់ ដូចជា​កន្លែង​អង្គុយ កម្រាល​កៅអី​រថយន្ត ភ្នាក់ដៃ វាំងនន ភួយ កញ្ចក់/បង្អួច ក៏​ដូចជា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ និង​បន្ទប់​ទឹក​នៅ​លើ​រថយន្ត​ក្រុង (ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន) ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ និង​ការ​រីក​រាលដាល​នៃ​ជំងឺ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: