ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ប្តីបើករ៉ឺម៉កកង់៣ ដឹកប្រពន្ធ និងកូន២នាក់ ត្រូវរថយន្តតាក់ស៊ីបើកដូចហោះមកបុកពីក្រោយ រុញផ្ទប់រថយន្តកុងតឺន័រ បណ្តាលឲ្យស្ត្រីប្រពន្ធស្លាប់កៀបក្នុងកង់៣

    BY Khmernote Media March 24, 2020
    រន្ធត់ណាស់! ប្តីបើករ៉ឺម៉កកង់៣ ដឹកប្រពន្ធ និងកូន២នាក់ ត្រូវរថយន្តតាក់ស៊ីបើកដូចហោះមកបុកពីក្រោយ រុញផ្ទប់រថយន្តកុងតឺន័រ បណ្តាលឲ្យស្ត្រីប្រពន្ធស្លាប់កៀបក្នុងកង់៣

    រាជធានីភ្នំពេញ ៖ ប្ដីបើករ៉ឺម៉កដឹកប្រពន្ធនិងកូន២នាក់ ត្រលប់មកពីផ្សារទិញបន្លែយកទៅលក់ បែរជាត្រូវរថយន្តសាំយ៉ុង (តាក់ស៊ី) បើកផ្ដាច់ព្រលឹង ក្នុងល្បឿនលឿនដូចហោះចឹង ទៅបុកពីក្រោយរ៉ឺម៉កកង់បីពេញទំហឹង រុញផ្ទប់ទៅបុកចូលក្រោមរថយន្តកុងតឺន័រដែលចតទុកចោលតាមផ្លូវ រួញខ្ទេចស្ទើរទាំងស្រុង ស្លាប់ស្ត្រីជាប្រពន្ធកៀបជាប់ក្នុងកង់បី និង៥នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែសពជនរងគ្រោះយកចេញមិនរួច ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់ក្រុមសង្គ្រោះ៧១១ ចេញរថយន្តវះកាត់ដែក ជួយយកសពចេញមកហើយ ឃើញសាច់ញាតិក្រីក្រពុំមានលទ្ធភាព ក៏ជួយដឹកសពទៅដល់ស្រុកកំណើត ហើយបរិច្ចាគជាថវិកាមួយចំនួនសម្រាប់ធ្វើបុណ្យថែមទៀតផង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារិ៍ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅតាមផ្លូវហាណូយ ច្រកចូលហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    ប្រភពពីនគរបាលចរាចរណ៍បានអោយដឹងថា រថយន្តបង្កខាងលើម៉ាកសាំយ៉ុង(តូរីស) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-8945 ជារថយន្តតាក់ស៊ីដឹកអ្នកដំណើរ បើកបរដោយឈ្មោះ សាំង គឹមអុល ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅខេត្តតាកែវ និងបុរសចំណាស់ម្នាក់ទៀតរួមដំណើរជាមួយ (រងរបួសមធ្យម និងបែកទាំងពីរនាក់) ។ ចំណែកឯរថយន្តកុងតឺន័រដែលចតទុកចោលនៅកន្លែងកេីតហេតុនោះ ម៉ាក HYUNDAI ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0326 (ម្ចាស់គេចខ្លួនបាត់ស្រមោល) ។

    ចំណែកឯម៉ូតូកង់បីរងគ្រោះ ម៉ូតូឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1-2403 បើកបរដោយប្តីមានឈ្មោះ ប៉ុល ភ័ត្រា អាយុ៣៩ឆ្នាំ មុខរបររត់កង់បីត្រូវជាប្ដី ដឹកស្ត្រីជាប្រពន្ធឈ្មោះ កើត សំបូរ អាយុ៣៧ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ខេត្តស្វាយរៀង និងកូនប្រុសស្រី២នាក់ទៀត បណ្ដាលឲ្យស្រ្តីរងគ្រោះ(ជាប្រពន្ធ) កៀបជាប់ក្នុងកង់បីស្លាប់យ៉ាងអាណោចអាធម៍ ចំណែកកូនប្រុសស្រីនិងប្ដី រងរបួសធ្ងន់ទាំង៣នាក់ ។

    បើតាមសម្ដីសាក្សីបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសណ្ដោងកុងតឺន័រមួយខាងលើ បានមកចតស្ងៀមទុកចោលលើដងផ្លូវ (ដោយមិនមានដាក់ស្លាកសញ្ញា ឬចំណាំងផ្លាតអ្វីឡើយ) នៅចំណុចកើតហេតុខាងលើ លុះមកដល់វេលាម៉ោងកើតហេតុ មានរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង បើកបរដោយបុរសជាប្ដីដឹកប្រពន្ធនិងកូនតូចៗពីរនាក់ទៀត (មួយគ្រួសារ៤នាក់ ឪពុកម្ដាយនិងកូនប្រុសស្រី២នាក់ទៀត) បានធ្វើដំណើរស្របទិស ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលកំពុងបើកក្នុងល្បឿនធម្មតា មកដល់កន្លែងកេីតហេតុ ស្រាប់តែឃើញរថយន្តសាំយ៉ុងតាក់ស៊ីបង្ក បើកបោះពួយក្នុងល្បឿនយ៉ាងលឿន មិនដឹងប្រញាប់ទៅណា ទិសទៅស្របគ្នាមកពីក្រោយ ទៅបុកពីក្រោយម៉ូតូកង់បីពេញទំហឹង រុញទៅបុកផ្ទប់ចូលទៅពីក្រោយរថយន្តកុងតឺន័រពេញមួយទំហឹង បណ្ដាលឲ្យកង់បីចូលក្រោមកុងតៃន័រ រួញខ្ទេចកៀបជាប់ស្ត្រីជាប្រពន្ធក្នុងកង់បីស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯអ្នកបើកបរកង់បីដែលជាប្ដី រួមទាំងកូនតូចពីរនាក់ទៀត បានរងរបួសធ្ងន់ធ្ងរទាំងបីនាក់ ។

    សាក្សីបន្តថា ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតនោះ និងជាអ្នកដែលធ្វើដំណើរឆ្លងកាត់នោះ រួមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានដែលកំពុងល្បាត បានជួយយកជនរងគ្រោះបីនាក់ឪពុកនិងកូនតូច២នាក់នោះចេញមកក្រៅសិន ហើយទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបង្ក រួមទាំងអ្នកដំណើរម្នាក់ទៀត បានរងរបួសមធ្យម តែសមត្ថកិច្ចធ្វើការឃាត់បាននៅកន្លែងកើត រួចសាកសួរអត្តសញ្ញាណហើយ ទើបអនុញាតិអោយទៅមន្ទីរពេទ្យព្យាបាលរបួស ដោយមានទាំងកម្លាំងសមត្ថកិច្ចទៅជាមួយផងដែរ ។

    ចំណែកសពស្ត្រីជាប្រពន្ធ មិនទាន់យកចេញមកខាងក្រៅបាននៅឡើយបង្កការភ្ញាក់ផ្អើលឡើងដល់ក្រុមគ្រួសារស្រែកទ្រហោយំពេញកន្លែងកើតហេតុ ឃើញដូច្នេះក៏មានបងប្អូនប្រជាពលរដ្ឋ បានផ្ដល់ដំណឹងទាក់ទងហៅក្រុមសង្រ្គោះបន្ទាន់ អង្គភាព៧១១ នៃកងពលតូចលេខ៧០ បានដឹងផងដែរ។ បន្ទាប់ពីទទួលដំណឹងភ្លាម ក្រុមសង្រ្គោះបន្ទាន់ ៧១១ បានបញ្ជូនរថយន្តវះកាត់ដែកប្រើថាមពលខ្យល់ និងរថយន្តសង្គ្រោះបន្ទាន់ មកកន្លែងកើតហេតុ ធ្វើការជួយអូសរថយន្តបង្កចេញ និងយកឧបករណ៍ ធ្វើការវះកាត់ដែកកង់បីចេញ ដើម្បីទាញយកសពស្ត្រីជនរងគ្រោះចេញមកក្រៅ រួចធ្វើការរៀបចំសពអោយបានត្រឹមត្រូវ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

    ចំពោះមធ្យោបាយទាំងបីគ្រឿង មានរថយន្តបង្ក រថយន្តកុងតឺន័រ និងម៉ូតូកង់បី ត្រូវបានមូលដ្ខានប្រគល់អោយសមត្ថកិច្ចជំនាញ ចុះទៅធ្វើការពិនិត្យវាស់វែងរួច ស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំកសាងសុំណំរឿងចាត់ការតាមនីតីវិធីច្បាប់ ។

    ដោយឃើញពីសភាពក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះពុំមានលទ្ធភាព ដឹកសពទៅស្រុកកំណើតនោះ ឯកឧត្ដមឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ មានចិត្តអាណិតក៏បានបញ្ជាឲ្យក្រុមសង្គ្រោះ៧១១ ជួយដឹកសពស្ត្រីរងគ្រោះតាមរថយន្តសង្គ្រោះ ទៅដល់ស្រុកកំណើត នៅឯខេត្តស្វាយរៀងតែម្ដង ដោយមិនគិតប្រាក់ឡើយ ហើយថែមទាំងផ្ដល់ជាថវិកាមួយចំនួន រួមទាំងក្រុមសង្គ្រោះ៧១១ ក៏បានជួយរៃអង្គាសគ្នាតាមសទ្ធា ជូនសាច់ញាតិក្រុមគ្រួសារសម្រាប់យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។

    ជាចុងបញ្ចប់ ឯកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលដឹកនាំក្រុមសង្គ្រោះ៧១១ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន ខ្មែរណូត យើងដូច្នេះថា បើសិនជាបានជួបហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ មានគៀបជាប់មនុស្សបែបនេះ សូមប្រញាប់ទាក់ទងទៅកាន់ពួកគាត់ឲ្យបានលឿន ពួកគាត់នឹងចេញអន្តរាគមន៍ជួយសង្គ្រោះ ២៤ម៉ោង តាមរយះលេខប្រចាំបញ្ជា (២៤ម៉ោង) តាមរយៈលេខ 016700700 ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay