សុខភាព

អង់គ្លេសសាកល្បងហ្វឹកហាត់សុនខ ជួយស្វែងរកអ្នកឆ្លងវីរុសកូវីដ១៩

BY
Khmernote Media
March 28, 2020

អង្គការ​សប្បុរសធម៌​ប្រទេស​អង់គ្លេស​បាន​សហការ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ហ្វឹកហាត់សត្វសុនខដើម្បី​មើល​ថា​តើ​សុនខ​អាច​ជួយ​ស្វែងរក​អ្នក​ឆ្លង​វីរុស COVID-19 ​តាមរយៈ​ការ​ហិត​ក្លិន​បាន​ដែរ​ឬទេ។ Medical Detection Dogs នឹង​សហការ​ជាមួយ​ London School of Hygiene and Tropical Medicine (LSHTM) និង​សាកលវិទ្យាល័យ​ Durham ដើម្បី​មើល​ថា​តើ​សត្វ​សុនខអាច​ជួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ឬ​ទេ។ ​ការ​ស្រាវជ្រាវ​ពី​មុន​មក​ពី​សមត្ថភាព​របស់សុនខ​ក្នុង​ការ​ហិត​ដឹង​ពី​ជំងឺ​គ្រុនចាញ់ និង​ផ្អែក​លើ​ជំនឿ​ថា​ជំងឺ​នីមួយៗ​បង្ក​ក្លិន​ខុសៗគ្នា។

អង្គការ​សប្បុរសធម៌​ក៏​បាន​លើក​ឡើង​ថា​ខ្លួន​បាន​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ការ​ហ្វឹក​ហាត់​សុនខ​ក្នុង​រយៈពេល​៦​សប្តាហ៍​ដើម្បី​ជួយ​ពន្លឿន​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើអ្នក​ឆ្លង​​វីរុស​ COVID។ សត្វ​សុនខ​ទាំង​នេះ​ត្រូវ​បាន​គេ​ហ្វឹក​ហាត់​ឲ្យ​​ចាប់​ជំងឺ​មហារីក ជំងឺ Parkinson’s និង​ការ​ឆ្លង​រោគ​បង្ក​ដោយ​បាក់តេរី​តាម​រយៈ​ការ​ហិត​នូវ​សំណាក​ដែល​យក​ពី​អ្នក​ជំងឺ។ សត្វ​សុនខ​ទាំង​នេះ​ក៏​អាច​ដឹង​ពី​ការ​ប្រែប្រួល​សីតុណ្ហភាព​ស្បែក​ដែល​នេះជា​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា​អ្នក​ណា​មាន​អាការៈ​គ្រុនក្ដៅ​ខ្លះ។

អង្គការ​ដដែលនេះ​ក៏​បាន​បន្ត​ទៀត​ថា​ឥលូវ​នេះ​ខ្លួន​កំពុង​សិក្សា​ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​​យក​ក្លិន​វីរុស​ពី​អ្នកជំងឺ​ដោយ​សុវត្ថិភាព និង​យក​ទៅ​បង្ហាញ​ដល់​សត្វសុនខ​របស់ខ្លួន។ គោល​ដៅ​គឺ​ដើម្បី​ឲ្យ​សត្វ​សុនខទាំង​នោះ​អាច​ពិនិត្យ​មនុស្ស​គ្រប់គ្នា រួមទាំង​អ្នក​ឆ្លងដែលមិនមាន​រោគសញ្ញា និងអាច​ឲ្យ​ក្រុម​គ្រូពេទ្យ​ដឹងថា​តើ​មនុស្ស​ដែល​បាន​ពិនិត្យ​នោះ​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ឬអត់។ គេ​ជឿ​ថា​វិធីនេះ​គឺ​លឿន និង​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​សម្រាល​ដល់​ការ​ប្រើប្រាស់​ឧបករណ៍​តេស្ដ​ដែល​មាន​ចំនួន​កំណត់។​

ប្រធាន​ផ្នែក​គ្រប់គ្រង់​ជំងឺ​របស់ LSHTM ក៏​និយាយ​ថា​សត្វសុនខ​អាច​ចាប់​ជំងឺ​គ្រុនចាញ់​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ ​ការផ្លាស់ប្តូរ​ក្លិននៃ​រាងកាយ ដែលនេះ​គឺ​មាន​ឱកាស​ខ្ពស់​ដែល​អាចជា​វិធី​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចាប់​វីរុស COVID-19។

ម៉្យាងទៀត លោក Steve Lindsay មកពី​សាកលវិទ្យាល័យ Durham ក៏​បាន​បន្ថែម​ទៀត​ថា​សត្វសុនខ​ទាំង​នេះ​អាច​ដាក់​នៅ​អាកាសយានដ្ឋាន​នៅ​ពេល​ដែល​ជំងឺ​ឆ្លង​នេះ​បាន​បញ្ចប់​ដើម្បី​រក​មើល​អ្នក​ឆ្លង​វីរុស​នេះ និង​ការពារ​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​ម្ដង​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: