ទីក្រុងមួយចំនួននៅអាឡឺម៉ង់ចាប់ផ្ដើមដាក់ការរឹតត្បឹតឡើងវិញ បន្ទាប់ពីមានករណីកើនឡើងគួរឱ្យកត់សម្គាល់
អាជ្ញាធរក្នុងប្រទេសអាឡឺម៉ង់កំពុងចាត់វិធានការបិទទ្វារវិញ បន្ទាប់ពីករណីវីរុស COVID-19 បានកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីអ្នកស្រីអធិការបតី Angela Merkel បានបន្ធូរបន្ថយការរឹតត្បឹតមិនបានប៉ុន្មានថ្ងៃ។ ប្រទេសអាឡឺម៉ង់មានរដ្ឋសហព័ន្ធចំនួន ១៦ ហើយរដ្ឋទាំងនោះបានព្រមព្រៀងគ្នាថា ប្រសិនបើមានករណីថ្មីកើតឡើងដល់ ៥០នាក់ នៅក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ក្នុងរយៈពេល ៧ថ្ងៃ ពួកគេនឹងដាក់ការរឹតត្បឹតឡើងវិញ។ ជាក់ស្ដែងរដ្ឋាភិបាលក្នុងតំបន់នៅ North Rhine-Westphalia ដែលជារដ្ឋមានប្រជាជនច្រើនបំផុត បានកត់ត្រាករណីថ្មីជាច្រើន បន្ទាប់ពីបុគ្គលិកចំនួន ១៥០នាក់ ក្នុងចំណោម ១,២០០ នាក់ នៅឯទីសត្តឃាត (កន្លែងកាប់សាច់) នៅទីក្រុង Coesfeld បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ។

ដូច្នេះការរឹតត្បឹតបានត្រឡប់សារជាថ្មី ដោយរដ្ឋាភិបាលក្នុងតំបន់បានពន្យារពេលបើកភោជនីយដ្ឋាន កន្លែងទេសចរណ៍ កន្លែងហាត់ប្រាណ និងហាងធំៗ ដែលធ្លាប់ត្រូវបានគ្រោងនឹងបើកនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល North Rhine-Westphalia លោក Karl-Josef Laumann បាននិយាយថា អត្រាឆ្លងថ្មីពីទីសត្តឃាតបានជំរុញឱ្យតំបន់នេះមានអត្រាឆ្លងខ្ពស់ជាង ៥០នាក់ ក្នុងចំណោម ១០០,០០០ នាក់ ដោយមានអត្រាដល់ ៦១នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់។
កន្លែងកាប់សាច់មួយនោះត្រូវបានបិទទ្វារបណ្ដោះអាសន្ន ហើយរដ្ឋនឹងធ្វើការតេស្ដលើបុគ្គលិកកន្លែងកាប់សាច់ទាំងអស់នៅទូទាំងរដ្ឋ។ ការឆ្លងគួរឱ្យកត់កម្គាល់ផ្សេងទៀតមាននៅកន្លែងកាប់សាច់នៅរដ្ឋ Schleswig-Holstein ក្នុងអត្រា ៥០ ក្នុងចំណោមមនុស្ស ១០០,០០០នាក់ និងភាគខាងកើតរដ្ឋ Thuringia ដោយមានអ្នកឆ្លងក្នុងអត្រា ៨០ / ១០០,០០០។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់រហូតពេលនេះមានករណីវីរុស COVID-19 ចំនួន ១៦៩,៤៣០ ករណី និងមានអ្នកស្លាប់ ៧,៣៩២ នាក់៕





អត្ថបទ៖ លីដា
ប្រភព៖ Daily Mail