ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរឲ្យគោរពណាស់! ប្តីប្រពន្ធមួយគូសុខចិត្តមិនរៀបចំពិធីមង្គលការធំដុំឡើយ ដើម្បីទុកលុយយកទៅជួយជនក្រីក្រ ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ ១៩

    BY autoadmin May 22, 2020
    គួរឲ្យគោរពណាស់! ប្តីប្រពន្ធមួយគូសុខចិត្តមិនរៀបចំពិធីមង្គលការធំដុំឡើយ ដើម្បីទុកលុយយកទៅជួយជនក្រីក្រ ដែលកំពុងរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ ១៩

    ស្រីលង្កា៖ ជាធម្មតាមនុស្សគ្រប់រូបតែងប្រាថ្នាចង់រៀបចំកម្មពិធីមង្គលការរបស់ខ្លួនឲ្យបានអធិកអធម ដើម្បីបង្កើតបរិយាកាសរីករាយផង និងដើម្បីរក្សាទុកនូវការចង់ចាំដ៏ល្អមួយក្នុងជីវិតរបស់ពួកគេផង។ យ៉ាងណាក្តី មានគូស្នេហ៍មួយគូបានគិតខុសពីមនុស្សទូទៅដោយពួកគាត់មិនបានរៀបចំកម្មពិធីជប់លាងធំដុំឡើយក្នុងថ្ងៃមង្គលការ ហើយពួកគេបានយកលុយសម្រាប់ចំណាយក្នុងពិធីរៀបការនោះទៅបរិច្ចាគជួយជនក្រីក្រដែលរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅវិញ។ ប្តីប្រពន្ធចិត្តធម៌មួយគូនេះមានបុរសជាស្វាមីឈ្មោះ Darshana អាយុ ៣០ ឆ្នាំជាម្ចាស់ហាងលក់ទំនិញមួយកន្លែង និងស្រ្តីជាប្រពន្ធមានឈ្មោះថា Pawani អាយុ ២៥ ឆ្នាំ មានការងារជាជំនួយការនៅក្នុងមន្ទីរពិសោធន៍ ហើយពួកគាត់កំពុងរស់នៅក្នុងប្រទេសស្រីលង្កា។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានបញ្ជាក់ថា ពិធីមង្គលការរបស់លោក Darshana និងអ្នកនាង Pawani បានរៀបចំឡើងដោយគ្រាន់តែមានបងប្អូនសាច់ញាតិនិងមិត្តភក្តិស្និតស្នាលចូលរួមបន្តិចបន្តួចប៉ុណ្ណោះ ហើយបន្ទាប់ពីប្រារព្ធពិធីរៀបការតាមបែបប្រពៃណីនិងជួបជុំបងប្អូននៅឯផ្ទះរួច ពួកគាត់ក៏ផ្តើមធ្វើដំណើរទៅកាន់សហគមន៍ដើម្បីចែកអំណោយដល់ពលរដ្ឋក្រីក្រតែម្តង។ នៅក្នុងកញ្ចប់អំណោយរបស់ពួកគាត់មានចំណីអាហារ សម្ភារៈប្រើប្រាស់ និងមានទាំងសម្ភារៈក្មេងលេងទៀតផង។ សកម្មភាពសប្បុរសធម៌នេះទទួលបានការគោរពនិងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋស្រីលង្កាដែលកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩៕

    អត្ថបទ៖ភក្តី
    ប្រភព៖Worldofbuzz 

    Share This Post: