សុខភាព

ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

BY
Khmernote Media
July 3, 2020

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឯកភាព​គ្នា​អនុញ្ញាតឲ្យ​បើក​សាលា​រៀន​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ចាប់ពី​ខែ​ក្រោយ​នេះ​តទៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ សារព័ត៌មានក្នុងស្រុកមួយ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល រូប​នោះ បាន​បន្ត​ថា ជា​ជំហាន​ដំបូង​ក្រសួង​នឹង​បើក​សាកល្បង​សាលា​អន្តជាតិ ១៥ ដែល​មាន​ស្តង់ដារ​ខ្ពស់​រួម​មាន​សាលា​ភាសា​ជប៉ុន អង់គ្លេស​អាម៉េរិកាំង និង​បារាំង​ជា​មុន​សិន ដែល​មាន​សិស្ស​ប្រមាណ ២ ម៉ឺននាក់។ លោក​ស្រី​​បន្ថែម​ថា ប៉ុន្តែ​មុន​នឹង​បើក​សាលា​នីមួយៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​សាលា​ឡើង​វិញ​មក ក្រសួង​ដើម្បី​ឲ្យ​ក្រុម​ការងារ​ក្រសួង​ចុះ​វាយតម្លៃ និង​ពិនិត្យ​មើល​សាលា​ទាំង​នោះ ស្រប​តាម​ស្តង់ដារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែរ ឬ​យ៉ាង​ណា​មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​អនុញ្ញាត​ឲ្យ​បើក​ជា​ផ្លូវការ។

លោកជំទាវបន្ត​ទៀត​ថា សាលា​ទាំង​នោះ​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​ក្នុង​នោះ​រួម​មាន​ត្រូវ​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​ដូច​ជា​ដាក់​សិស្ស​ក្នុង​​មួយ​ថ្នាក់ ១៥ នាក់ និង​ត្រូវ​ធ្វើ​តេស្ត​រក COVID-19 ទាំង​គ្រូ និង​សិស្ស​មុន​នឹង​ចាប់ផ្ដើម​ចូលរៀន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: