សុខភាព

ម្ចាស់គ្លីនិក​នៅ​បង់ក្លាដែស​ច្រើន​រូប​ត្រូវបានឃាត់ខ្លួន​ ក្រោយ​ចេញលទ្ធផលតេស្ដកូវីដ១៩ក្លែងក្លាយ

BY
Khmernote Media
July 17, 2020

ម្ចាស់​គ្លីនិក​នៅ​ប្រទេស​បង់ក្លាដែសមួយ​រូប​បន្ថែម​ទៀត​​​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ក្រោយ​ពី​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធផល​តេស្ដ​​ជំងឺ COVID-19 ក្លែងក្លាយ​ដល់អតិថិជន​របស់​ខ្លួន ​។ គ្រូពេទ្យ​រូប​នេះ​មាន​ឈ្មោះ​ Mohammad Shahed អាយុ​៤២​ឆ្នាំ​ ជាម្ចាស់គ្លីនិក Regent Hospital ​ត្រូវ​បាន​ឃាត់​ខ្លួនកាលពី​ថ្ងៃទី១៥ ខែកក្កដា ​​ពេល​កំពុង​រត់​គេច​ទៅ​ប្រទេស​ឥណ្ឌា​​ក្រោយ​ពី​ប៉ូលិស​តាម​ចាប់​រយៈពេល​៩​ថ្ងៃ ​ដោយ​ចោទ​ថា​​បាន​ចេញ​វិញ្ញាបនបត្រ​សុខភាព​ទាក់ទង​ទៅ​នឹង​លទ្ធផល​តេស្ដ​ជំងឺ COVID-19 ក្លែង​ក្លាយ និង​មិន​បាន​ធ្វើ​តេស្ដ​ត្រឹមត្រូវ។ បុរស​រូប​នេះ​គឺជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១២​នាក់​ផ្សេង​​​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ទាក់ទង​ទៅ​នឹង​ការ​ឆបោក​នេះ។

គ្លីនិក​ទាំង​ពីរ​របស់​គ្រូពេទ្យ​រូប​នេះ​បាន​ធ្វើ​តេស្ដ​ COVID-19 លើ​មនុស្ស​១០ ៥០០​នាក់​ដែល​ក្នុង​នោះ​មាន​៤ ២០០​នាក់​បាន​ធ្វើ​តេស្ដ​ត្រឹមត្រូវ និង​៦ ៣០០នាក់​ទៀត​គឺ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជក់​សុខភាព​ដោយ​មិន​បាន​ធ្វើ​តេស្ដ​ទេ។ ក្រៅ​ពី​ចេញ​វិញ្ញាបនបត្រ​ក្លែងក្លាយ មន្ទីរពេទ្យ​របស់​ជន​សង្ស័យ​ខាង​លើ​​ក៏​បាន​យក​ល្អ​ថ្លៃ​ព្យាបាល​ពី​អ្នកជំងឺ​ទាំង​ដែល​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ថា​នឹង​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។ លោក Shahed មិនមែន​ជា​មនុស្ស​ដំបូង​ដែល​ប៉ូលិស​បាន​ឃាត់​ខ្លួន​ចំពោះ​​ការ​ឆបោក​​នេះ​ទេ។ កាល​ពី​សប្ដាហ៍​មុន ក៏​មាន​ម្ចាស់​មន្ទីរពេទ្យ​ឯកជន​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វិញ្ញាបនបត្រ​សុខភាព​​ក្លែងក្លាយ​ដោយ​មិន​បាន​តេស្ដ​ត្រឹមត្រូវនេះ​ដែរ​។

អ្នក​ជំនាញ​បាន​ព្រមាន​ថា​ការ​ចេញ​លិខិត​ក្លែង​ក្លាយ​បែប​នេះ​អាច​ធ្វើឲ្យ​ស្ថានភាព​ឆ្លង​ក្នុង​ប្រទេស​កាន់តែ​អាក្រក់​ថែមទៀត​​​និង​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អ្នកត្រូវ​​ទៅ​ធ្វើការ​នៅ​ប្រទេស​ផ្សេង​​ផង​ដែរ។​ គិត​មក​ថ្ងៃទី១៧ ខែ​កក្កដា ​នេះ ប្រទេស​បង់ក្លាដែស​មាន​អ្នក​ឆ្លង​សរុប​ជិត​២០ម៉ឺន​ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​ ១០ម៉ឺន​នាក់ និង​អ្នក​ស្លាប់ជាង​២ ៤០០​នាក់។

លោកគ្រូពេទ្យ Mohammad Shahed

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: