សុខភាព

មូលហេតុសំខាន់ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ ឈានដល់ស្លាប់

BY
Khmernote Media
July 24, 2020

កូន​​កើត​ជំងឺ​គ្រុន​ឈាម ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​គ្រប់រូប ដែល​ពេល​ខ្លះ​នៅ​ដំណាក់​កាល​ដំបូងៗម្នាក់ៗ​មិន​ដឹង​ទាំង​ថា កូន​កើត​ជំងឺ​គ្រុន​ឈាម​ផង។ អនុ​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត ហេង សុទ្ធី នឹង​លម្អិត​ពី​មូលហេតុ​សំខាន់​៤​យ៉ាង ជំរុញ​ក្មេង​កើត​ជំងឺ​គ្រុន​​ឈាម​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ករណី​ខ្លះ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

វេជ្ជបណ្ឌិត ហេង សុទ្ធី ពិនិត្យកុមារកើតជំងឺគ្រុនឈាម មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា

១. ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម

ករណី​នេះ​សំដៅ​ទៅ​អាការៈ រួម​ទាំង​សុខភាព​របស់​ក្មេង​ដែល​កើត​ជំងឺ​គ្រុនឈាម បើ​ក្មេង​កើត​ជំងឺ​នេះ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ហើយ ក្រុម​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ណាស់។

២. ឪពុក​ម្តាយ​យក​កូន​មក​ពេទ្យ​យឺត​ពេល

ដោយ​ហេតុ​ថា រោគ​សញ្ញា​ជំងឺ​គ្រុន​ឈាម​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​ផ្សេង​ទៀត បែប​នេះ​ទើប​ធ្វើ​ឲ្យ​ឪពុកម្តាយ​មួយ​ចំនួន​យក​កូន​មក​ពេទ្យ​យឺត​ពេល។ ម្យ៉ាង​វិញ​ទៀត នៅ​អំឡុង ២-៣ ដំបូង កូន​ក្តៅ​ខ្លួន ម៉ាក់ប៉ា​ដាក់​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ​កូន​ត្រជាក់​វិញ គិត​ថា កូន​ជា​ហើយ តែ​តាម​ពិត នោះ​ជា​ដំណាក់កាល​ទី២ នៃ​ជំងឺ​គ្រុន​ឈាម ហើយ​ក៏​ជា​ដំណាក់​កាល​ធ្ងន់ធ្ងរ​ដែរ។

៣. យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ

យក​កូន​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ។ លោក​វេជ្ជបណ្ឌិត​ថា ណែនាំ​របស់​ក្រសួង​សុខាភិបាល គឺ​មិន​អនុញ្ញាត​ឲ្យ​គ្លីនិក​ឯកជន​ព្យាបាល​ជំងឺ​គ្រុនឈាម​ទេ។ កន្លែង​ដែល​អាច​ព្យាបាល​ជំងឺ​គ្រុនឈាម គឺ​មាន​តែ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ មាន​មន្ទីរ​ធំៗ​ថ្នាក់​ជាតិ មន្ទីរពេទ្យ​តាម​ខេត្ត​ជាដើម។

៤. ពុល​ថ្នាំ

ក្នុង​នាម​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​បាន​ទទួល​ព្យាបាល​កុមារ​កើត​គ្រុន​ឈាម​ច្រើន លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ពុល​ថ្នាំ ក៏​ធ្វើ​ឲ្យ​គ្រុន​ឈាម​ធ្ងន់ធ្ងរ ក្មេង​អាច​ឈាន​ទៅ​ស្លាប់​បាន​ដែរ។ ពុល​ថ្នាំ​បែប​ម៉េច? ករណី​នេះ​លោក​វេជ្ជបណ្ឌិត​ថា គ្រុនឈាម​នៅ​ដំណាក់កាល​ទី១ គឺ​ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​មិន​ត្រជាក់​នោះ​ទេ ធ្វើ​ឲ្យ​ឪពុកម្តាយ​ភ័យ ដោយ​​ឲ្យ​កូន​ញ៉ាំ​ថ្នាំ ២-៣ មុខ ធ្វើ​ម៉េច​ឲ្យ​កូន​ត្រជាក់ ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​លើស​ចំនួន គឺ​លើស​ទាំង​ដូស្ត លើស​ទាំង​ចំនួន​ដង។ មួយ​វិញ​ទៀត​ពាក់​ព័ន្ធ​នឹង ឪពុកម្តាយ​ឲ្យ​ថ្នាំ​ត្រជាក់​ដែល​មាន​គ្រោះថ្នាក់​ដល់​ជំងឺ​គ្រុន​ឈាម​ទៅ​កូន ក្នុង​នោះ​មាន​ប្រភេទ​ថ្នាំអាស្ពីរីន និង អ៊ីប៊ុយប្រូហ្វែន ជាដើម។ ការ​ឲ្យ​ថ្នាំ​ទាំង​២មុខ​នេះ​កូន​លេប ធ្វើ​ឲ្យ​មាន​វិបត្តិ​កំណក​ឈាម ប៉ះ​ទៅ​លើ​ខួរក្បាល ប៉ះ​ទៅ​លើ​ថ្លើម តម្រង​នោម ដែល​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​​សារពាង្គកាយ​យើង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: