សុខភាព

មួយជំហានទៀតហើយ! អាមេរិកនឹងតេស្ដវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលទី៣ នៅសប្ដាហ៍នេះ

BY
Khmernote Media
July 27, 2020

វ៉ាក់សាំង​ COVID-19 ​របស់​សហរដ្ឋ​អាមេរិក​ជា​វ៉ាក់សាំង​ដំបូង​ដែលនឹង​ចាប់ផ្ដើម​ការតេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣​នៅ​សប្តាហ៍​នេះ។ បើតាម​សារព័ត៌មាន CNN ចុះផ្សាយ​កាលពីថ្ងៃទី២៦ ខែកក្កដា វ៉ាក់សាំង​នេះ​ផលិត​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៅ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​ និង​ក្រុមហ៊ុន​ Moderna។ វ៉ាក់សាំង​នេះ​គេ​ប្រើប្រាស់​ mRNA ដែល​ជា​ម៉ូលេគុល​កោសិកា​ប្រើ​ក្នុង​ការ​ផលិត​ប្រូតេអ៊ីន។ ក្នុង​ករណី​នេះ ប្រូតេអ៊ីន​​គឺ​ត្រូវការ​ដើម្បី​ផលិត​សំបក​ស្រួច​​របស់​វីរុស​កូរ៉ូណា​ដែល​វីរុស​ប្រើប្រាស់​ក្នុង​ការ​ចម្លង​ទៅ​ក្នុង​កោសិកា​មនុស្ស។ វ៉ាក់សាំង​ខាងនេះ​ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​​មាន​ការ​ឆ្លើយ​តប​លឿន​ជាង​មុន​នៅពេល​ឆ្លង​វីរុស​COVID-19​ ​ដំបូង។

លទ្ធផល​ការ​សិក្សា​នៅ​ដំណាក់កាល​ទី១​បាន​ចេញ​ផ្សាយ​ក្នុង​ New England Journal of Medicine កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​ភ្ញោច​ការ​ឆ្លើយ​​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ដែលបាន​ទទួល​វ៉ាក់សាំង។ គេ​បែង​ចែកអ្នក​ទទួល​វ៉ាក់សាំង​ជា​៣​ក្រុម​គឺ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ មធ្យម និង​តិច ហើយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​កាន់តែ​ច្រើន ប្រព័ន្ធ​​ភាព​ស៊ាំ​​មាន​ការ​ឆ្លើយ​តប​កាន់តែ​ខ្ពស់។ ជាង​ពាក់កណ្ដាល​នៃ​អ្នក​ចូលរួម​មាន​ផល​ប៉ះពាល់ដោយ​សារ​វ៉ាក់សាំង​ ​ដូចជា​អស់កម្លាំង គ្រុន​រងា ឈឺក្បាល ឈឺសាច់ដុំ និង​ឈឺចាប់​នៅ​កន្លែង​ចាក់​វ៉ាក់សាំង។

ក្រោយពី​មាន​លទ្ធផល​វិជ្ជមាន វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ទី៣​ដោយ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​៣ម៉ឺន​នាក់​ដើម្បី​តេស្ដ​មើល​ថា​តើ​វ៉ាក់សាំង​នេះ​អាច​ការពារ​មនុស្ស​ពី​វីរុស​កូរ៉ូណា​ឬ​យ៉ាង​ណា។ ការ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី៣​នឹង​ចាក់​វ៉ាក់សាំង​ក្នុង​កម្រិត​មធ្យម ១០០​មីក្រូក្រាម។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ចំនួន ២៥​កំពុង​ស្ថិត​នៅ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ជុំវិញ​ពិភពលោក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: