លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម
- July 31, 2020
រាល់ថ្នាំទាំងអស់ មិនមែនសុទ្ធតែលេបទៅបានស្រួលខ្លួននោះទេ មានគ្នាយើងខ្លះ មានអាការៈមិនស្រួលក្នុងខ្លួន ក្រោយលេបថ្នាំរួច ថ្នាំនឹងធ្វើទុក្ខ ឬយើងប្រតិកម្មជាមួយថ្នាំនោះទៅវិញ។ បើតាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យដឹងថា ការលេបថ្នាំ មិនមែនចេះតែលេបៗទេ ព្រោះវាអាចបង្កជាហានិភ័យដល់សុខភាពរបស់យើង។ ប្រសិនបើយើងលេបថ្នាំហើយ តែបែរជាមិនធូរ ទៅជាចេញអាការៈប៉ុន្មានខាងក្រោមនេះ មានន័យថា យើងប្រតិកម្មនឹងថ្នាំហើយ៖
– ក្ដៅខ្លួន
– ចុះត្រជាក់
– សម្ពាធឈាមចុះ
– រាក ក្អួត
– ឡើងកន្ទួលរមាស់
– ហត់ ថប់ដង្ហើម
– វិលមុខ ឈឺក្បាល
– បែកគ្រាប់ឈាម
– ហើមមុខមាត់ ខ្សោយកម្លាំង ឈឺខ្លួន។ល។
លោកថា ក្នុងករណីដែលចេញអាការៈទាំងនេះក្រោយលេបថ្នាំរួច ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ហើយត្រូវដឹងថា បើប្រតិកម្មថ្នាំធ្ងន់ធ្ងរ អាចបណ្ដាលឲ្យបាត់បង់ជីវិត។
វេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ដើម្បីប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ យើងគួរដឹងពីគន្លឹះខ្លះៗដូចជា មិនប្រើថ្នាំដេោយគ្មានវេជ្ជបញ្ជា មិនគួរលេបថ្នាំជាមួយ ស្រា កាហ្វេ តែ ទឹកដោះគោ ទឹកផ្លែឈើ និងមិនត្រូវបន្ថែម ឬបន្ថយមុខថ្នាំស្រេចតែចិត្តខ្លួនឯង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: