ចំណេះដឹង

អត្ថន័យរូបព្រះសង្ហារ ឬសញ្ញាជាតិ ជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

BY
Khmernote Media
October 25, 2020

ព្រះសង្ហារ ឬសញ្ញាជាតិ គឺជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយមានរូបសញ្ញាសំខាន់ៗ និង អត្ថន័យដូចតទៅ៖

    • ពន្លឺឆពណ្ណរង្សី នៅពីលើតំណាងឲ្យបារមីរបស់ព្រះមហាក្សត្រ ដែលទ្រង់គ្រប់គ្រងប្រជានុ រាស្ត្រប្រកបដោយទសពិធរាជធម៌ និង តំណាងឲ្យអរិយធម៌ខ្មែរ ដ៏ត្រចះត្រចង់ រុងរឿង។
    • មកុដរាជ្យ តំណាងឲ្យ មន្រ្តីរាជការ និងប្រជារាស្រ្ត ទាំងអស់គាំទ្រ និងលើកស្ទួយព្រះ មហាក្សត្រ ឲ្យគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា
    • ព្រះខ័នរាជ្យ នៅក្រោមមកុដរាជ្យតំណាង ឲ្យ អំណាចនៃអាវុធដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ព្រះ មហាក្សត្រគ្រងរាជ្យ ក្នុងសន្តិភាព និង យុត្តិធម៌។
    • សញ្ញា នៅពីលើព្រះខ័នរាជ្យតំណាងឲ្យភាពនៃជោគជ័យ និងការអភិវឌ្ឍន៍រីកចម្រើនជានិច្ច និរន្តន៍សម្រាប់ ព្រះរាជាណាចក្រកម្ពុជា។
    • ជើងពានទ្រព្រះខ័នរាជ្យ តំណាងឲ្យបល្ល័ងរាជ្យ ដែលជាអាសនៈកិត្តិយសនិងដ៏ពិសិដ្ឋបំផុតសម្រាប់ព្រះមហាក្សត្រទ្រង់គង់នៅថ្ងៃដែលរៀបចំក្នុងពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ។
    • រាជបល្ល័ង តំណាងឲ្យព្រះមហាក្សត្រ ដែលជាទីសក្ការៈព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំដល់ ប្រជារាស្រ្តទាំងអស់នៅក្នុងព្រះនគរ ពីព្រោះព្រះមហាក្សត្រ ទ្រង់បានគ្រប់គ្រងប្រទេសប្រកប ដោយទសពិធរាជធម៌ដែលជាប្រភពផ្តល់នូវថាមពលខាងស្មារតី និងសម្ភារៈសម្រាប់ប្រទេសជាតិ ក្នុងការអភិវឌ្ឍ​ន៍ និង និរន្តរភាព។
    • ក្សេតឆ័ត្រទាំងពីរ(ឆ័ត្ររួត) ដែលបានបាំងគ្របជាកិត្តិយស ពីលើបល្ល័ងតំណាងឲ្យអំណាចព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី និងការគ្រប់គ្រង របស់ព្រះមហាក្សត្រក្នុងព្រះរាជវង្សនៃ មហានគរខ្មែរដែលព្រះអង្គជាអ្នកថែរក្សា ប្រជារាស្ត្រហើយក៏តំណាងឲ្យភពទេវៈទាំងប្រាំបួនដែល មានទេវតាប្រកបដោយបារមីនិងឫទ្ធិអំណាចនៅចាំគ្រប់គ្រងថែរក្សាព្រះមហាក្សត្រជាប្រចាំ។
    • រាជសីហ៍និងគុជសីហ៍ ឈរកាន់ក្សត្រឆ័ត្រទាំងពីរតំណាងឲ្យអំណាច និងមហិទ្ធឫទ្ធិនៅក្នុង របបរាជាធិបតេយ្យកម្ពុជា និងតំណាងឲ្យព្រះសុពណ៌បាទុកា(ទ្រនាប់ជើងមាស)ទាំងពីរក្នុងចំនែក មួយនៃកេតនភណ្ឌទាំងប្រាំយ៉ាង សម្រាប់រៀបចំពិធីអភិសេកព្រះរាជាទ្រង់ឡើងគ្រងរាជ្យ និងតំ ណាងឲ្យកម្លាំងរបស់ប្រជារាស្រ្តខ្មែរនៅជុំវិញព្រះរាជបល្ល័ង។
    • ពាក្យ “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រួមមកសញ្ញាជាតិមានអត្ថន័យបង្ហាញពីអំណាច និងយុត្តិធម៌នៃអរិយធម៌ខ្មែរដែលមានការចូលរួម ការពារពីកម្លាំងប្រជារាស្ត្រនៅជុំវិញរាជបល្ល័ង ព្រះមហាក្សត្រព្រមទាំងបង្ហាញពីជំនឿ និងបំណង ប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការគោរពចំពោះព្រះមហាក្សត្រ។ លើសពីនេះទៅទៀត សញ្ញាជាតិ មានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានបង្ហាញឲ្យឃើញថាព្រះរាជាណាចក្រកម្ពុជា ជាប្រទេសឬជាតិសាសន៍មួយ មានអត្តសញ្ញាណជាតិរបស់ខ្លួន និងមានអធិបតីយភាពមិនចំនុះ ជាតិសាសន៍ណាមួយឡើយ៕

Share This Post: