កីឡា

មហាជននាំគ្នារៃអង្គាសប្រាស់ជូនលោកយាយម្នាក់បានជាង ៦០ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីលោកយាយបានជំនះប្រតាយប្រតប់ជាមួយជនទំនើងរហូតដល់រងរបួសពេញខ្លួន ខណៈជនល្មើសបានរងរបួសធ្ងន់ធ្ងររហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យ

BY
autoadmin
March 20, 2021

យោងតាមការចុះផ្សាយរបស់ Ladbible បានរាយការណ៍ថា លោកយាយម្នាក់មានឈ្មោះថា Xiao Zhen Zie អាយុ ៧៦ឆ្នាំ ត្រូវបានជនមិនស្គាល់មុខធ្វើការវាយប្រហារមកលើរូបគាត់ ដែលធ្វើឱ្យមានការប្រតាយប្រតប់គ្នា ហើយទីបំផុតលោកយាយបានរងរបួសជាច្រើនកន្លែង​ ខណៈអ្នកដែលបានវាយប្រហារមកលើលោកយាយបានរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងនៅទីក្រុង San Francisco ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ប៉ុន្តែវាមិនច្បាស់ទេថាជនល្មើសមានគំនុំអ្វីជាមួយលោកយាយ ប៉ុន្តែគេបានសង្ស័យថា វាជាករណីរើសអើងជាតិសាសន៍មកលើជនជាតិអាស៊ី។

ក្រោយមកគ្រួសាររបស់លោកយាយបានបង្ហោះរូបភាព និងសរសេរពីដំណើររឿងរបស់លោកយាយទៅក្នុងវេបសាយ GoFundMe ដើម្បីធ្វើការសុំជំនួយពីមហាជនមកព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យលោកយាយ ព្រោះថាចាប់តាំងពីថ្ងៃវាយប្រហារនោះមក លោកយាយមានអារម្មណ៍ដក់ជាប់ជាមួយអំពើហិង្សា ហើយគាត់នៅភ័យខ្លាចមិនបាត់ទៅវិញនោះទេ។ គ្រួសាររបស់លោកយាយដំបូងឡើយត្រូវការតែ ៥០,០០០ ដុល្លារ សម្រាប់សម្រាលថ្លៃព្យាបាលប៉ុណ្ណោះ ប៉ុន្តែមហាជនបានរៃអង្គាសគ្នាជូនគាត់បានរហូតដល់ទៅ ៦០០,០០០ ដុល្លារអាមេរិក ជាមួយនឹងការសរសេរលើកទឹកចិត្តជាច្រើននៅលើវេបសាយ GoFundMe ។

គ្រួសាររបស់គាត់បាននិយាយថា លោកយាយផ្ទាល់គឺគាត់តែងតែយំនៅពេលដែលរំលឹកដល់រឿងនេះ ហើយពួកគេតែងតែព្យាយាមលួងគាត់។ ឥឡូវនេះគាត់នៅតែមានអាការវិលមុខ ខណៈអាចពិសាបានតែបបរប៉ុណ្ណោះ ហើយភ្នែករបស់គាត់ក៏មិនទាន់បាត់ជាំដែរ។ លោកយាយបាននិយាយថា ភ្នែកស្ដាំរបស់គាត់មើលមិនឃើញអ្វីទេពេលនេះ ហើយនៅមានហូរឈាមទៀតផង។ ចំណែកឯជនល្មើសដែលបានវាយលោកយាយ ត្រូវបានគេដឹងថាមានអាយុ ៣៩ឆ្នាំ ហើយពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីប៉ូលីលចំនួន ២ករណី ព្រោះថានៅថ្ងៃដដែលនោះក៏មានករណីវាយប្រហារមកលើជនជាតិអាស៊ីម្នាក់ផ្សេងទៀត ដែលជនរងគ្រោះជាលោកតាមានវ័យ ៨៣ឆ្នាំ ហើយប៉ូលីសសង្ស័យថាជាជនល្មើសតែមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ Ladbible

Share This Post: