បច្ចេកវិទ្យា

Apple ព្រមាន​អំពីកំហុសសុវត្ថិភាពក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន ដែល​អាច​ឱ្យ​ hacker ចូល​ទៅគ្រប់គ្រង iPhone, iPad និង Mac របស់អ្នកប្រើប្រាស់បាន

BY
autoadmin
August 19, 2022

ក្រុមហ៊ុនយក្ស Apple កំពុងព្រមានអំពីកំហុសសុវត្ថិភាព ដែលអាចអនុញ្ញាតឱ្យពួក Hacker គ្រប់គ្រងលើឧបករណ៍ iPhone, iPad និង Mac ហើយក្រុមហ៊ុនកំពុងជំរុញឱ្យអ្នកប្រើប្រាស់ ត្រូវអាប់ដេតកម្មវិធីលើឧបករណ៍របស់ពួកគេជាបន្ទាន់។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Silicon Valley នេះបាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីរបាយការណ៍ដែលថា បញ្ហាសុវត្ថិភាពនេះកំពុងប៉ះពាល់យ៉ាងសកម្មដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុន Apple មិន​បាន​បង្ហាញ​ព័ត៌មានលម្អិតឡើយ។ ក្រុមហ៊ុន Apple ក៏បានចេញផ្សាយរបាយការណ៍សុវត្ថិភាពចំនួន ២ អំពីបញ្ហានេះកាលពីថ្ងៃពុធ ប៉ុន្តែវាមិនទទួលបានការចាប់អារម្មណ៍នោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី Rachel Tobac នាយកប្រតិបត្តិនៃក្រុមហ៊ុន SocialProof Security បាននិយាយថា បញ្ហានោះនឹងអនុញ្ញាតឱ្យពួក Hacker អាចក្លែងធ្វើជាម្ចាស់ឧបករណ៍ និងដំណើរការកម្មវិធីណាមួយជាបន្តបន្ទាប់ក្រោមឈ្មោះរបស់ពួកគេ ខណៈបញ្ហាទាំងនោះត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Apple ដែលធ្វើឱ្យឧបករណ៍ iPhone, iPad និង Mac ងាយនឹងរងគ្រោះបំផុត។ ការអាប់ដេតត្រូវបានគេណែនាំរួមមាន៖ ម៉ូដែលចាប់ពី iPhone 6S, ថេប្លេត iPad ជំនាន់ទី5 ឡើងទៅ និង iPad Pro គ្រប់ប្រភេទទាំងអស់ ក៏ដូចជា iPad Air 2 និងកុំព្យូទ័រ Mac ដែលដំណើរការដោយ MacOS Monterey។ យ៉ាងណាក៏ដោយ បញ្ហាសុវត្ថិភាពទាំងនោះមិនត្រូវបានបញ្ជាក់ឱ្យលម្អិតថា តើវាមានទម្រង់បែបណានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: