ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវចំនួន ៤ខ្សែនេះ

BY
srey nuch
October 12, 2022

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។

ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទួច រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់ បណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងបរិក្ខាផ្លូវថ្នល់។ ដោយមូលហេតុថា ផ្លូវទាំង៤ ខ្សែខាងលើនេះ ជាផ្លូវមានចំណោតខ្លាំង និងវែង មិនសមស្រមឱ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់។

ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្តនឹងរៀបចំដាក់របាំងហាមឃាត់រថយន្តឆ្លងកាត់ដែលមានកំពស់២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាកសញ្ញាហាមឃាត់នានា លើផ្លូវលេខ ៨០១,៨២១,៨២៣ និងផ្លូវលេខ៨២៧។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លលើសពី២,៣ម៉ែត្រ ចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: