ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ ផ្តល់ប្រាក់រង្វាន់ចំនួន ២០០លានរៀល ចំពោះខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

BY
srey nuch
April 26, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ខេត្តណា ដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ នាឱកាសបុណចូលឆ្នាំថ្មីកន្លងទៅ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេលេក្រាម សម្តេចធិបតី បានលើកឡើងថា «អបអរសាទរ ខេត្តទាំង៦ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។»

ដូចតាមការប្រកាសកន្លងទៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណាដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ក្នុងគោលបំណងសំខាន់នោះ​ គឺមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍​ និងជំរុញការប្រុងប្រយ័ត្ន​ ព្រមទាំងគោរពច្បាប់ចរាចរ​ណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន​ អ៊ំពូមីង​ តាយាយ​ដែលជាអ្នកបើកបរគ្រប់ប្រភេទ​ ដើម្បីឱ្យគ្រប់ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព​ អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

ជាលទ្ធផល​ មានខេត្តចំនួន​ ៦​ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ​ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖

១/​ ផ្តល់លិខិតសរសើរមួយ​ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី

២/​ ថវិកាចំនួន​ ២០០លានរៀល

៣/​ ភេសជ្ជៈ​ចំនួន​ ១ពាន់កេស

សូមបងប្អូន​ អ៊ំពូមីង​ តាយាយ​ មេត្តាបន្តគោរពច្បាប់ចរាចរ​ណ៍ ហើយបើកបរដោយប្រុងប្រយ័ត្នខ្ពស់​ ប្រកបដោយការទទួលខុសត្រូវ​ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់» ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: