កីឡា

លោក Erik ten Hag បញ្ជាក់ថា Man United មិនត្រូវការទិញខ្សែប្រយុទ្ធបន្ថែមដើម្បីជំនួសកន្លែង Ronaldo នោះទេ

BY
Pheakdey
January 3, 2023

(អង់គ្លេស)៖​ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United គឺលោក Erik ten Hag បានប្រាប់ឱ្យក្លឹបកុំចំណាយប្រាក់ទិញកីឡាករខ្សែប្រយុទ្ធណាម្នាក់ឱ្យសោះនៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។ គ្រូបង្វឹករូបនេះបានបន្តថា បើទោះជាកីឡាករ Cristiano Ronaldo បានចាកចេញពីក្លឹបហើយក៏ដោយ តែក្រុមរបស់លោកមិនត្រូវការខ្សែប្រយុទ្ធកណ្តាលបន្ថែមទៀតនោះទេ។

លោក Erik ten Hag បានលើកឡើងថា Manchester United កំពុងពង្រឹងសមត្ថភាពខ្លួនបានយ៉ាងល្អក្នុងរយៈពេលថ្មីៗនេះ ហើយលោកជឿថាការលេងយ៉ាងស៊ីចង្វាក់គ្នាក្នុងចំណោមកីឡាករទាំងអស់នឹងជួយឱ្យក្លឹបបន្តភាពខ្លាំងរបស់ខ្លួននៅក្នុងការប្រកួតសំខាន់ៗជាច្រើនទៀតផងដែរ។ ដូចនេះហើយការចំណាយប្រាក់ក្នុងការទិញខ្សែប្រយុទ្ធថ្មីដើម្បីជំនួសវត្តមានរបស់ Cristiano Ronaldo​ នៅពេលនេះគឺជាចំណាយដ៏ខ្ជះខ្ជាយបំផុត។ គួរបញ្ជាក់ថា Manchester United បានលេងឈ្នះ ៣ប្រកួតជាប់គ្នានៅក្របខណ្ឌបាល់ទាត់ Premier League ហើយគិតត្រឹមពេលនេះក្រុមបិសាចក្រហមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយមាន​ ៣២ពិន្ទុ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

 

Share This Post: