កីឡា

ពលរដ្ឋប្រេស៊ីលរាប់សែននាក់នាំគ្នាឈរត្រៀបត្រាតាមផ្លូវចូលរួមជូនដំណើរវីរបុរសបាល់ទាត់ Pelé ជាលើកចុងក្រោយ

BY
Khmernote Media
January 4, 2023

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលយ៉ាងច្រើនកុះករបាននាំគ្នាដើរពេញដងផ្លូវក្នុងទីក្រុងសាន់តូសដើម្បីចូលរួមពិធីដង្ហែសពវីរបុរសបាល់ទាត់នៃប្រទេសប្រេស៊ីលគឺលោក Pelé ជាលើកចុងក្រោយ ដែលលោកបានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា​ ក្រៅតែពីមានអ្នកចូលរួមដង្ហែសពដោយផ្ទាល់ហើយ ក៏នៅមានពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានចេញមកឈរតាមដងផ្លូវទាំងសងខាងដើម្បីបានមើលក្បួនដង្ហែ និងបួងសួងចំពោះវិញ្ញាណក្ខន្ធរបស់លោក Pelé ជាលើកចុងក្រោយផងដែរ។

ប្រភពខាងលើបានបន្តថា ពលរដ្ឋដែលបានចូលរួមក្នុងពិធីដង្ហែសពស្តេចបាល់ទាត់ Pelé នោះគឺមានចំនួនសរុបប្រមាណជា ២៣០ ០០០នាក់ ដែលជាចំនួនមនុស្សដ៏ច្រើនមិនធ្លាប់មាននោះទេ។ គួររម្លឹកជូនថា អតីតកីឡាករជម្រើសជាតិប្រស៊ីលគឺលោក Pelé បានទទួលមរណភាពដោយជំងឺនៅក្នុងអាយុ ៨២ឆ្នាំ ហើយគិតត្រឹមពេលនេះ រូបគាត់គឺជាកីឡាករបាល់ទាត់តែមួយរូបគត់បានមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup រហូតដល់ទៅ ៣ដង។ សម្រាប់ប្រទេសប្រស៊ីល លោក Pelé ត្រូវបានគេចាត់ទុកថាជាវីរបុរសបាល់ទាត់ ខណៈនៅលើពិភពលោកគេចាត់ទុករូបគាត់ជាស្តេចបាល់ទាត់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: