កីឡា

ស្ងាត់ៗ! Bayern Munich ចុះកិច្ចសន្យានាំយកកីឡាករ Daley Blind ទៅលេងនៅអាឡឺម៉ង់ដោយគ្មានតម្លៃខ្លួន

BY
Khmernote Media
January 6, 2023

អាឡឺម៉ង់៖ ក្លឹបបាល់ទាត់ Bayern Munich បានចុះកិច្ចសន្យានាំយកកីឡាករ Daley Blind ទៅលេងនៅលើទឹកដីអាឡឺម៉ង់ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ ការចុះកិច្ចសន្យានេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់អឺរ៉ុប ដ្បិតនាពេលកន្លងមក Bayern Munich មិនដែលបានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាករ Daley Blind ទាត់តែសោះ ខណៈកីឡាកររូបនេះផ្ទាល់ក៏មិនដែលបង្ហាញក្តីបំណង់ចង់ទៅលេងនៅក្របខណ្ឌ Bundesliga ដែរ។

ប្រភពខាងលើបានបន្តថា ការផ្ទេរទៅលេងនៅក្លឹបយក្សរបស់អាឡឺម៉ង់់មួយនេះគឺត្រូវបានធ្វើឡើងដោយពុំមានតម្លៃខ្លួននៃការផ្ទេរនោះទេ ព្រោះកីឡាករខ្សែការពារូបនេះបានចប់កុងត្រាជាមួយក្លឹបចាស់ទៅហើយ។ នៅក្នុងកិច្ចសន្យាគឺកីឡាករវ័យ ៣២រូបនេះនឹងត្រូវលេងឲ្យក្លឹប Bayern Munich ក្នុងរយៈពេល ៦ខែ ខណៈប្រាក់ថ្លៃនឿយហត់របស់គាត់នៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ។​ សូមបញ្ជាក់ថា កីឡាករ Daley Blind មានសញ្ជាតិហូឡង់ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Ajax ក្នុងក្របខណ្ឌ Eredivisie ដែលជាលីកបាល់ទាត់កំពូងរបស់ប្រទេសហូឡង់ ហើយកីឡាររូបនេះបានបង្ហាញទម្រង់លេងយ៉ាង​ល្អសម្រាប់ក្រុមជម្រើសជាតិលូឡង់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នាពេលកន្លងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: