កីឡា

Kylian Mbappe ចោទប្រកាន់ប្រធានសហព័ន្ធបាល់ទាត់បារាំងថា មិនបានផ្តល់ការគោរពចំពោះលោក Zidane នោះទេ

BY
Pheakdey
January 9, 2023

បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Paris Saint-Germain F.C. និងក្រុមជម្រើសជាតិបារាំង Kylian Mbappe  បានចោទប្រកាន់ប្រធានសហព័ន្ធបាល់ទាត់បារាំងថា មិនបានផ្តល់ការគោរពចំពោះលោក Zinedine Zidane នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Score នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងសាធារណៈតាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដោយរូបគេបានសរសេរសារមួយឃ្លាដែលមានអត្ថន័យថា “លោក Zinedine Zidane គឺជាវីរបុរសបាល់ទាត់បារាំង ដូចនេះយើងមិនគួរមិនគោរពគាត់ដូចនេះទេ”។

គួរបញ្ជាក់ជូនថា រឿងរ៉ាងចម្រូងចម្រាសនេះបានកើតឡើងក្រោយពេលដែល ប្រធានសហព័ន្ធបារាំងគឺលោក Noel Le Graet បានសម្រេចបន្តកុងត្រាឲ្យលោក Didier Deschamps ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងក្នុងរយៈពេល ៤ឆ្នាំបន្ថែមទៀត ខណៈនាពេលកន្លងមកមានពាក្យចរចាមអារាមជាច្រើនបានឡើងថា លោក Didier Deschamps ទំនងជាអស់ភារកិច្ចជាមួយក្រុមជម្រើសជាតិបារាំងនៅត្រឹមចុងឆ្នាំ ២០២២នេះ ខណៈអ្នកដែលមកជំនួសតំណែងដ៏សំខាន់មួយនេះគឺប្រហែលជាលោក Zinedine Zidane ដ្បិតអតីតគ្រូបង្វឹកក្រុម Real Madrid រូបនេះបានបដិសេដមិនទទួលការងារជាគ្រូបង្វឹកឲ្យក្លឹបបាល់ទាត់ធំៗជាច្រើននៅអឺរ៉ុបដោយរូបគាត់រង់ចាំតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង។ អ្វីដែលធ្វើឲ្យកីឡាករ  Kylian Mbappe មិនអាចទប់ការរិះគន់បានទោះ គឺស្របពេលដែលលោក Noel Le Graet បានប្រកាសបន្តកុងត្រាថ្មីឲ្យលោក Didier Deschamps ហើយ គាត់បាននិយាយបន្ថែមទៀតថា លោក  Zinedine Zidane អាចទៅធ្វើជាគ្រូបង្វឹកឲ្យក្រុមជម្រើសជាតិប្រេស៊ីលបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Live Score

 

Share This Post: