កីឡា

Ronaldo ត្រូវបានរាយករណ៍ថា នឹងចំណាយប្រាក់ជាង​ ៣០ម៉ឺនដុល្លារសម្រាប់ការស្នាក់នៅក្នុងសណ្ឋគារបណ្តោះអាសន្នមុនរកផ្ទះបាននៅអារ៉ាប៊ីសាអូឌីត

BY
Pheakdey
January 10, 2023

អារ៉ាប៊ីសាអូឌីត៖ ក្រោយបានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាងមួយសប្តាហ៍មក កំពូលកីឡាករ Cristiano Ronaldo នៅមិនទាន់អាចរកផ្ទះសម្រាប់ស្នាក់នៅបាននៅឡើយទេ ដោយក្នុងអំឡុងពេលនេះកីឡាករវ័យ ៣៧ឆ្នាំរូបនេះរួមជាមួយនិងគ្រួសារកំពុងស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្នសិន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AS Soccer បានចុះផ្សាយថា សណ្ឋាគារដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងរស់នៅគឺជាសណ្ឋាគារប្រណិតមានឈ្មោះថា Four Seasons មានកម្ពស់ ៩៩ជាន់ ស្ថិតនៅក្នុងអគារ The Kingdom Tower ក្នុងទីក្រុង Riyadh។

ប្រភពខាងលើបានបន្តថា បន្ទប់សណ្ឋគារដែល Ronaldo កំពុងស្នាក់នៅនោះមានលក្ខណៈធំទូលាយខុសពីបន្ទប់សណ្ឋគារទូទៅ ពោលគឺជាបន្ទប់កម្រិត VIP ដែលអាចធ្វើឲ្យអ្នកស្នាក់នៅមានអារម្មណ៍ថា ដូចកំពុងរស់នៅក្នុងផ្ទះអីចឹងដែរ។ គួរកត់សម្គាល់ថា សម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារ Four Seasons គឺមានតម្លៃចាប់ពី ៣,៣០០ដុល្លារឡើងទៅក្នុងមួយយប់ ហើយបន្ទប់ដែល Ronaldo កំពុងស្នាក់នៅនោះគឺមានតម្លៃជាង ១ម៉ឺនដុល្លារក្នុងមួយយប់ ដ្បិតនៅក្នុងបញ្ជីចំណាយបានបង្ហាញថា ម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះនឹងចំណាយប្រាក់ចំនួន ២៨៥ ០០០ ផោន ឬស្មើនឹង ៣០៥ ៧៣៣ ដុល្លារសម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្នក្នុងរយៈពេលមួយខែ មុនពេលរូបគេអាចរកផ្ទះសម្រាប់ស្នាក់នៅបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ AS Soccer

Share This Post: