កីឡា

Gareth Bale កំពុងពិចារណាក្លាយខ្លួនជាកីឡាករវាយកូនហ្គោលអាជីព

BY
Pheakdey
January 12, 2023

ក្រោយប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់មក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវែល Gareth Bale ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍កំពុងពិចារណាក្លាយខ្លួនជាកីឡាករវាយកូនហ្គោលអាជីពវិញម្តង។ តាមគម្រោងគឺ Gareth Bale នឹងត្រូវចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលជាច្រើននៅក្នុងតំបន់អឺរ៉ុបក្នុងពេលឆាប់ខាងមុខនេះ ហើយនៅក្នុងនោះក៏មានកម្មវិធី Ryder Cup និងកម្មវិធីប្រកួតប្រជែងបែបរៃអង្គាស់ប្រាក់ចំនួន ១សែនផោន (១,២២សែនដុល្លារ) ដើម្បីជួយមូលនិធិសប្បុរសធម៌ផងដែរ។

គួរបញ្ជាក់ជូនថា កម្មវិធីប្រកួតប្រជែងវាយកូនហ្គោលខាងលើនេះមិនមែនជាការប្រកួតជាលក្ខណៈអាជីពនៅក្នុងក្របខណ្ឌនៃកីឡាវាយកូនហ្គោលរបស់ពិភពលោកនោះទេ ដូចនេះបើទោះជា Gareth Bale បានបង្ហាញខ្លួនក្នុងវិធីទាំងអស់នេះក៏ដោយ តែកីឡាករវ័យ ៣៣ឆ្នាំរូបនៅមិនទាន់អាចក្លាយជាកីឡាករវាយកូនហ្គោលអាជីពនោះទេ។ យ៉ាងណាក្តី ការប្រកួតប្រជែងខាងលើនេះនឹងក្លាយជាខ្នាតមួយសម្រាប់វាយតម្លៃពីសមត្ថភាពវាយកូនហ្គោលរបស់ Gareth Bale​ តែម្តង ពោលគឺក្នុងករណីដែលរូបគេអាចលេងបានដល់កម្រិតស្តង់ដារ ស្ថាប័នគ្រប់គ្រងកីឡាវាយកូនហ្គោលពិភពលោកនឹងសម្រេចអនុញ្ញាតឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះក្លាយជាកីឡាករវាយកូនហ្គោលអាជីពតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Sun

Share This Post: