ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តបាត់ដំបង បំភ្លឺករណីរថយន្តដឹកជីកសិកម្មលើសទម្ងន់ ខូចនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំ

BY
srey nuch
January 30, 2023

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងស្រាយបំភ្លឺ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ករណីរថយន្តដឹកជីកសិកម្ម ខូចនៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវកោង ត្រង់បង្គោលគីឡូម៉ែត្រលេខ ២៩៩+០០០ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានដូចខាងក្រោម៖

១-រថយន្តនេះដឹកជីកសិកម្ម មានទិសដៅពីខេត្តបន្ទាយមានជ័យ ចូលក្រុងបាត់ដំបង (ពុំទាន់ឆ្លងកាត់ទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងខេត្តបាត់ដំបងនៅឡើយទេ)។
២-រថយន្តនេះផ្ទុកជីកសិកម្មសរុបចំនួន ១០០០ការុង (យោងតាមចម្លើយរបស់អ្នកបើកបររថយន្តនេះ) ក្នុងមួយការុងមានទម្ងន់ ៥០គីឡូក្រាម ដែលមានទម្ងន់សរុប ៥០០០០គីឡូក្រាម (៥០តោន)។ តាមការប៉ាន់ស្មានទម្ងន់សរុបទាំងរថយន្ត និងទម្ងន់ផ្ទុកប្រហែល ៦៧តោន(មិនទាន់ថ្លឹងជាក់ស្តែង) ដែលទម្ងន់កម្រិតកំណត់អតិបរមា ៤០តោន ដូចនេះត្រូវលើស ២៧តោន(លើសពី២០%) ត្រូវផាកពិន័យ ៣០ម៉ឺនរៀល/តោន និងត្រូវឃាត់រថយន្តរក្សាទុករយៈពេល ១ឆ្នាំ ។
៣-រថយន្តនេះបានផុតសុពលភាពឆៀកចាប់តាំងពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ និងរ៉ឺម៉កសណ្តោងពុំមានឆៀកឡើយ ។
៤-រថយន្តនេះមិនមានការកែច្នៃតទ្រុងលើសខុសពីលក្ខណៈ បច្ចេកទេសឡើយ។

បច្ចុប្បន្នរថយន្តនេះត្រូវបានយកមករក្សាទុកនៅស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន ពុកឆ្មា-បាត់ដំបង រង់ចាំជួសជុលរួចរាល់ ទើបធ្វើការថ្លឹងជាក់ស្តែង។ សូមសាធារណជនជូនជ្រាប និងសូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង

Share This Post: