ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨

BY
srey nuch
March 22, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ យោងតា​មសេចក្ដីប្រកាសរបស់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈយុទ្ធមិត្ដជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ហៅកាត់ថា “យ.ជ.ប.ទ.” ដែលមានសមាស ភាពដូចខាងក្រោម៖

១-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ជាប្រធានកិត្តិយស។
២-លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធាន។
៣-នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអនុប្រធាន។

ប្រការ២.​គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានតួនាទីភារកិច្ចដូចតទៅ៖
-ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ
-ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខ លំបាក។
-រៀបចំសមាជិកដែលជាយុទ្ធជន យុទ្ធនារីបានបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំ បញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។

ប្រការ៣. សមាជិកនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដឹកនាំកិច្ចប្រជុំរបស់គណៈយុទ្ធ មិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨។

ប្រការ៤. គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មានសិទ្ធិបង្កើតក្រុមការងារតាមការចាំបាច់។

ប្រការ៥. គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បង្កើតមូលនិធិតេជោ១២៥ សម្រាប់ដំណើរការងារ របស់ខ្លួន។

ប្រការ៦. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ៧​. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា អភិបាលនៃគណៈអភិបាលគ្រប់រាជធានី-ខេត្ត និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

Share This Post: