សង្គម

ឧកញ៉ា ម៉ុង ឬទ្ធី សំណូមពរដល់ប្រិយមិត្តក្នុងបណ្ដាញសង្គម ដែលយករូបថតព្រមទាំងទ្រឹស្ដី ក្នុងន័យបង្អាប់អ្នកដទៃនោះ សូមមេត្តាបញ្ឈប់ករណីនេះទៅ

BY
srey nuch
April 1, 2023

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ម៉ុង ឬទ្ធី ដែលមហាជនស្គាល់ថា ​ជា​ឧកញ៉ា​កសិកម្ម​ឈាន​មុខ​គេ​នៅ​​កម្ពុជា​ នៅមុននេះបន្តិច បានឱ្យដឹងថា ឧកញ៉ា ម៉ុង ឬទ្ធី បានសំណូមពរដល់ប្រិយមិត្ត នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលបានយករូបថតព្រមទាំងទ្រឹស្ដី ក្នុងន័យបង្អាប់បណ្ដុះអ្នកដទៃនោះ មេត្តាបញ្ឈប់ករណីនេះតទៅទៀត។

នៅក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃនេះជាថ្ងៃសៅរិ៍ ១១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ រូបខ្ញុំម៉ុង ឫទ្ធី មានសំណូមពរមួយដល់ប្រិយមិត្តយើង នៅក្នុងសង្គមហ្វេសប៊ុក ដែលបានយករូបថតព្រមទាំងទ្រឹស្ដីរបស់ខ្ញុំទៅបង្ហោះ ក្នុងន័យបង្អាប់បណ្ដុះអ្នកដទៃនោះ។ ថ្ងៃនេះខ្ញុំសុំបិណ្ឌបាតសូមមេត្តាបញ្ឈប់ករណីនេះទៅ ដើម្បីចូលរួមចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើង អោយកាន់តែរីកចម្រើនជឿនលឿនអោយដូចជាប្រទេសកំពង់តែអភិវឌ្ឍន៍លើពិភពលោក។ »

ឧកញ៉ា ម៉ុង ឬទ្ធី បានបន្តទៀតថា៖ «នៅលើលោកយើងនេះអោយតែអ្នកធ្វើ និងអ្នកនិយាយ វាតែងតែមានកំហុសឆ្គងខ្លះៗជាក់ជាមិនខានឡើយ ចំពោះអ្នកដែលមិនធ្វើ និងមិននិយាយនោះទើបគ្មានកំហុសឆ្គង សូមមេត្តាអភ័យទោសផង បើមានកំហុសឆ្គង សូមអរគុណ ៕»

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Share This Post: