សង្គម

សមត្ថកិច្ច កោះហៅសិស្សសាលាស្រីម្នាក់ មកអប់រំ ណែនាំ ក្រោយបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យប៉ះពាល់ដល់សង្គម

BY
Liny Chan
March 13, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រីម្នាក់មកសួរនាំ អប់រំ និងធ្វើកិច្ចសន្យា បន្ទាប់ពីសិស្សស្រីរូបនេះ បានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នោះមក នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រី ដែលបានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច មកសួរនាំអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) ពីព្រោះ​វា​បណ្តាលឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេ ទើបសមត្ថកិច្ចអនុញ្ញាតត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន តែងតែសហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: