ព័ត៌មានជាតិ

ក្រសួងធនធានទឹក បញ្ជាក់ថា នៅឆ្នាំនេះ ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ អាចចាត់ទុកជាប្រភេទទឹកជំនន់តូច

BY
srey nuch
May 27, 2023

រាជធានីភ្នំពេញ៖ នោថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣ ។

ក្នុងសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹក ជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ដំណឹងអំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោម ៖

១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ ២០២៣ រួចមកឃើញថា៖

– ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជា មានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពលអែលនីណូ (EINinh) មាន ត្រឹម ៦០% និងបាតុភូតអែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាង បាតុភូតអែលនីណូ (El Nino) និងបាតុភូតឡានីណា (La Nina) ។

– ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ បាតុភូតអែលនីណូ (El Nino) មាន ៨០% និងបាតុភូតអែនសូ (Neutral) មានត្រឹមតែ ២០% ។

ផ្អែកតាមការវិវដ្ដយ៉ាងរហ័សនៃបាតុភូតអែលនីណូ (EI Nix) ក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈ ផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា។

២- ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប មានស្ថានភាពដូចខាងក្រោម ៖
– ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ ។
– ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៤០ ម៉ែត្រ ។
– ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ ។
– រាជធានីភ្នំពេញ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ ។
– ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើន ឆ្នាំ ប្រមាណតែ ០,០៧ ម៉ែត្រ ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ ២០២៣នេះ នៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គ ផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រីឯនៅទន្លេបាសាក់ និង បឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្ដិចបន្តួច ។

៣- ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣៖ យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លេ មេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច។ តាមការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ សម្រាប់ឆ្នាំ ២០២៣ នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់តូច ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: