SEA GAMES

ម្ចាស់មេដាយមាសទី៩កម្ពុជា វ៉ាន់ សុចិន៖ ខ្ញុំរំភើបចិត្តណាស់ដែលឈ្នះមេដាយមាស ជាលើកដំបូងក្នុងជីវិត

BY
srey nuch
June 8, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករអត្តពលកម្ម វ៉ាន់ សុចិន ដែលឈ្នះមេដាយមាស លើវិញ្ញាសាលោតកម្ពស់ T46 បាន បង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមបានមេដាយមាសជាលើកដំបូងរបស់ខ្លួនថា «ខ្ញុំ ពិតជារំភើបចិត្តខ្លាំងណាស់ ដែលឈ្នះមេដាយមាសលើកដំបូង ក្នុងជីវិត ក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជាយើង»។

នេះជាមេដាយមាសទី៩របស់កម្ពុជា ដែលបានដណ្តើមបានចុងក្រោយគេ កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រភេទកីឡា អត្តពលកម្មនៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២បានបញ្ចប់ទាំងស្រុងហើយ។

កីឡាករអត្តពលកម្ម វ៉ាន់ សុចិន គូសបញ្ជាក់ថា នេះជាការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្រោមការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជន កម្ពុជា និងជាប្រធានប្រតិភូអាស៊ានប៉ារ៉ាហ្គេមកម្ពុជា និងឯកឧត្តម យី វាសនា អគ្គលេខាធិ ការរង គណៈកម្មាធិការជាតិ CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ និងប្រជាពលរដ្ឋខ្មែរ ផងដែរ។ «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ខ្ញុំចូលរួមប្រកួត៣វិញ្ញាសា ប៉ុន្តែមានតែ វិញ្ញាសាលោតកម្ពស់នេះមួយប៉ុណ្ណោះ ដែលខ្ញុំដណ្តើមបានមេដាយមាស។ ចំណែកឯ២វិញ្ញា សាទៀត មិនទទួលបានមេដាយនោះទេ។ ខ្ញុំចូលហ្វឹកហាត់កីឡានេះបានជាង៣ឆ្នាំមក ហើយៗ កាលពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី។ ខ្ញុំធ្លាប់ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា ខ្ញុំធ្វើសម្រេចបានមេដាយមាស សម្រេចក្តីប្រាថ្នាធំជូនជាតិ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់»។ វ៉ាន់ សុចិន បានបន្ថែម។

ក្នុងវ័យ ២៦ឆ្នាំ ម្ចាស់មេដាយមាសលោតកម្ពស់រូបនេះប្តេជ្ញាប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តស្វែងរកមេដាយបន្ថែមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខ ជាពិសេសអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅប្រទេសថៃ នាឆ្នាំ២០២៥។

មានស្រុកកំណើត នៅស្រុកមុខកំពូល ខេត្តកណ្តាល វ៉ាន់ សុចិន បានឱ្យដឹងថាខ្លួនបានកំព្រាឪពុកម្តាយ តាំងតែពីខ្លួនទើបនឹងមានអាយុ១០ឆ្នាំមកម្ល៉េះ។ កីឡាករ វ៉ាន់ សុចិន បាននិយាយដោយទឹកមុខស្រងូតស្រងាត់ថា៖ «ឪពុកម្តាយខ្ញុំបានស្លាប់ចោលខ្ញុំ តំាងពីខ្ញុំអាយុ១០ឆ្នាំ។ «ខ្ញុំពិការដៃស្តាំ តាំងពីខ្ញុំនៅតូច។ ខ្ញុំដួល ហើយព្យាបាលនៅគ្រូខ្មែរ ក្រោយមកព្យាបាលមិនជា នៅពេលមកព្យាបាលនៅពេទ្យ គឺពេទ្យកាត់ដៃ ដោយសារដៃបានរលួយ។ ក្នុងភាពជាជនមានពិការភាពតាំងពីក្មេង និងកំព្រាឪពុកម្តាយផងនោះ ជីវិតខ្ញុំពិតជាមានការលំបាកខ្លាំងណាស់ ហើយក៏បាក់ទឹកចិត្តខ្លាំងដែរ។ ប៉ុន្តែក្រោយមកខ្ញុំបានមករស់នៅជាមួយអង្គការមួយ ដែលតែងតែបានជួយទំនុកបម្រុងរៀនសូត្រ អាហារហូបចុករហូត»។

សុចិន បន្ថែមថា ខ្លួនបានបញ្ឈប់ការសិក្សាត្រឹមឆ្នាំទី១ផ្នែកគ្រប់គ្រង ដោយសារតែភាពក្រីក្រ មិនមានថវិកាគ្រប់គ្រាន់។ នៅពេលចូលរួមលេងកីឡាបានផ្លាស់ប្តូផ្នត់គំនិតពីការបាក់ទឹកចិត្ត ហើយបានផ្លាស់ប្តូរជីវភាពពីភាពក្រីក្រមកមានភាពល្អប្រសើរផងដែរ តាមរយៈការឧបត្ថម្ភគាំទ្រ ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងការចូលប្រកួតក្នុងវិស័យកីឡាកម្ពុជា វ៉ាន់ សុចិន ក៏បានស្គាល់មិត្តភក្ដិ បងប្អូនដែលមានពិការភាពច្រើន ដោយកម្ពុជាមិនត្រឹមតែមានជនមានពិការភាពប៉ុណ្ណោះទេ ប៉ុន្តែនៅបរទេសក៏មានជនពិការច្រើនដូចគ្នា។

«ដូច្នេះហើយការរស់នៅក្នុងភាពពិការមិនមែនជារឿងត្រូវអស់សង្ឃឹមនោះទេ តែផ្ទុយទៅវិញការចូលរួមក្នុងកីឡាបានលើកទឹកចិត្តខ្លួនឯងឱ្យប្រឹងប្រែងតស៊ូក្នុងជីវិត ដោយភាពពិការមិនមែនមានតែខ្លួនយើងម្នាក់ឯងនោះទេ។ អ្វីដែលសំខាន់ត្រូវក្រាញននៀលតស៊ូក្នុងជីវិតដើរឆ្ពោះទៅមុខទៀត»។ វ៉ាន់ សុចិន បានអះអាងបន្ថែម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: