SEA GAMES

សម្តេចពិជ័យសេនា ទៀ បាញ់៖ យើងពិតជាមោទកភាព ដែលម្ចាស់ផ្ទះកម្ពុជារៀបចំ ចាត់ចែងអាស៊ានប៉ារ៉ាហ្គេម ដោយរលូន និងជោគជ័យ

BY
srey nuch
June 9, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ យើងពិតមានមោទកភាពណាស់ យើងបានខិតខំប្រឹងប្រែងរៀបចំចាត់ចែងទីលានប្រកួត គ្រប់​ប្រភេទកីឡាទាំងអស់ប្រកបដោយភាពរលូន និងជោគជ័យ។

ថ្លែងទៅក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសសម្តេចពិជ័យសេនា​អញ្ជើញ​ទ​ស្សនា​លើកទឹកចិត្តដល់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ បានកត់សម្គាល់ឃើញ បើទោះបីជា​ការ​ប្រកួត​កីឡាជនពិការនេះមានភាពស្មុគស្មាញខ្លះ ជាពិសេសលើឧបករណ៍ ទីលានប្រកួត​សម្រាប់​ប៉ារ៉ាហ្គេមក្តី ក៏យើងបានពុះពាររៀបចំ ដោយមកដល់ពេលនេះ គឺអាចចាត់ទុកថា ជា​ជោគជ័យធំធេងណាស់។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បញ្ជាក់ថា៖ «ខ្ញុំបាន​ជួប​​ប្រតិភូកីឡានៃបណ្តាប្រទេសមួយចំនួនសុទ្ធសឹងតែបានចាត់ទុកថា ទីលានប្រកួត រួមទាំង​កិច្ចការពាក់ព័ន្ធជាមួយគ្នាហ្នឹង គឺបានល្អប្រសើរ ប្រហែលជាមិនមានប្រទេសណាបានរៀបចំ​ចាត់​ចែងបានល្អដូចយើងនោះទេ។ នេះជាភាពពិតប្រាកដ ដែលពួកគេបាននិយាយជា​មួយ​ខ្ញុំ»។

«ចំពោះមេដាយ គឺម្ចាស់ផ្ទះកម្ពុជាមិនទទួលបានច្រើនទេដែលនេះជាការរៀបចំធ្វើ​ម្ចាស់​ផ្ទះ​ជាលើកដំបូង ម្យ៉ាងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីមានពិការភាពមានពេល​វេលា​តិចតួច។ បើទោះបីជាយ៉ាងនេះក្តី ក៏សុឆន្ទៈរបស់កម្ពុជាគឺឃើញច្បាស់ហើយ គឺពោរ​ពេញ​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ចបានពេញលេញ ក្នុងនាម​ជាម្ចាស់​ផ្ទះ»។

សម្តេចប្រធាន CAMAPGOC បានគូសបញ្ជាក់។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់ ដែលអាចទទួលរៀប​ចំ​ធ្វើម្ចាស់ផ្ទះអន្តរជាតិ នាពេលខាងមុខបានតាមសេចក្តីត្រូវការ។ ដូច្នេះហើយ ទើបក្រុមប្រឹក្សា​សហព័ន្ធកីឡាអូឡាំពិកអាស៊ីបានប្រគល់សិទ្ធិដល់កម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅក្នុង​មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ នៅក្រុងឌូបៃ ប្រទេសអារ៉ាប់រួម សម្រាប់​ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។

សម្ដេចពិជ័យ​សេនា​បានបន្ថែមថា ការប្រគល់សិទ្ធិនេះ គឺដោយសារអន្តរជាតិបានមកពិនិត្យមើលហេដ្ឋា​រចនា​​សម្ព័ន្ធកីឡារបស់កម្ពុជា ដោយកោតសរសើរពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ដោយអាចធ្វើម្ចាស់ផ្ទះការប្រកួតកីឡាធំៗកម្រិតអន្តរជាតិបានទាំងអស់។

សម្ដេចពិជ័យសេនាបានអះអាងថា នៅក្នុងការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជា​បានដកពិសោធន៍បានច្រើនដែរទាំងយុទ្ធសាស្ត្រ យុទ្ធវិធីនានា ទាំងប្រភេទកីឡា វិញ្ញាសាប្រកួត ដែលបានធ្វើឱ្យយើងសិក្សារៀនសូត្របានច្រើន។

ចំពោះ​កីឡាករ​ កីឡាការិនី ក៏បានដកពិសោធន៍បានច្រើនផងដែរ ក្នុងនាមជាម្ចាស់ផ្ទះ ដែលជាគុណ​ប្រយោជន៍មួយដ៏សំខាន់ដែរ។ ជាមួយគ្នានេះ សម្ដេចពិជ័យសេនាបានឱ្យដឹងទៀតថា ច្បាស់ណាស់យើងនឹងបំពេញ​បន្ថែម និងរិះរកវិធី ព្រមទាំង​យុទ្ធ​សាស្ត្រណា ដើម្បីជំរុញឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ដើម្បីជាតិ​មាតុភូមិរបស់យើងជាពិសេសក៏ត្រូវលើកទឹកចិត្តដល់ជនពិការ​របស់យើង ហើយយើង​នឹង​បណ្តុះបណ្តាលបន្ថែម ដោយការបណ្តុះបណ្តាលនេះ គឺជាបញ្ហាធំណាស់។

ជាក់ស្តែងដូចជា​ជន​ពិការ​ដែលជិះលើរទេះ គឺមានការលំបាក ដោយមិនត្រឹមតែទាមទារនូវសុខភាព​ល្អ​ប៉ុណ្ណោះទេ គឺទាមទារនូវពេលវេលា សម្រាប់ការហ្វឹកហាត់ឱ្យស្ទាត់ជំនាញផងដែរ។

«ចំពោះ​ការដណ្តើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺយើងបានទទួលបានស្របតាមយុទ្ធសាស្ត្ររបស់យើង កម្លាំងពិតរបស់​កីឡាករ កីឡាការិនីពិការយើងហើយ ដោយការពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កន្លងទៅ គឺកម្ពុជាឈ្នះមេដាយ​មាសបាន៧ ប៉ុន្តែពេលនេះ គឺកម្ពុជាដណ្តើមបានមេដាយមាស៩គ្រឿង។ ជារួម បើសមត្ថ​ភាពយើងខ្សោយជាង គឺយើងត្រូវតែទទួលយកដោយសុច្ចចិត្ត»។ នេះការសង្កត់ធ្ងន់បន្ថែម​ចុង​ក្រោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: