SEA GAMES

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ

BY
srey nuch
June 10, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេ ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនោះ។

ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណជាមួយនឹងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស្តេ ដែលបានរួមគ្នាលើកតម្កើងគុណតម្លៃបន្ថែម ជូនអត្តពលិកមានពិការភាព និងផ្ដល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបន្តថា ក្នុងនាមជាម្ចាស់ផ្ទះ យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២នេះ ឱ្យប្រព្រឹត្តទៅតាមនិយាម និងស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។ ការប្រកួតបានបញ្ចប់ សម្ដេចតេជោសង្ឃឹមថាប្រជាជនអាស៊ាន និងទីម័រឡេស្តេ ដែលមានជាង៦០០លាននាក់ ពិតជានឹងចងចាំនូវអនុស្សាវរីយ៍ទាំងឡាយ ទាំងក្នុងក្របខ័ណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេមនៅទីនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនជនរួមជាតិថា បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដោយទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាយុវជនអាស៊ី(Asian youth Games 2029) លើកទី៥ នៅឆ្នាំ២០២៩បន្តទៀត ដោយសម្ដេចតេជោបញ្ជាក់ថា «យើងនឹងជួបជុំគ្នានៅទីនេះ និងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌទ្រង់ទ្រាយធំជាងនេះ នៅឆ្នាំ២០២៩ខាងមុខ»។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែង ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រក្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ ប្រកាសបិទព្រឹត្តិការណ៍ ប្រកួតកីឡាពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ដែរថា ការប្រកួតកីឡានានានៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣បានបញ្ចប់ទាំងស្រុង ក្នុងចំណោមវិញ្ញាសាសរុបទាំងអស់ចំនួន ៤៧៥ ស្មើនឹងចំនួនមេដាយមាស ៤៧៥ គឺប្រទេសឥណ្ឌូណេស៊ី ឈរនៅចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុប ៤០១ ក្នុងនោះមាស ១៥៩ ប្រាក់ ១៤៨ និងសំរឹទ្ធ ៩៤, លេខ២ ថៃ មេដាយសរុប ៣២៨ ក្នុងនោះមាស ១២៦ ប្រាក់១១០ និងសំរឹទ្ធ៩២ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើវៀតណាម ជាមួយនឹងមេដាយសរុប ២០១គ្រឿង ក្នុងនោះមេដាយមាស ៦៦ ប្រាក់ ៥៨ និងសំរឹទ្ធ ៧៧។ ចំពោះលេខ៤ដល់លេខ៧ រួមមាន ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងសិង្ហបុរី។ ចំពោះម្ចាស់ផ្ទះ កម្ពុជា ទទួលបានមេដាយសរុបចំនួន ៧០គ្រឿង ក្នុងនោះមេដាយ មាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ ថ្នាក់ លេ ខ ៨ លើ៣ប្រទេស គឺព្រុយណេ មេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ២ ខណៈទីម័រខាងកើត មេដាយមាស ២ និងសំរឹទ្ធ៧ ស្របពេលដែលឡាវ ឈរនៅលេខ១១ មិនទទួលបានមេដាយមាសឡើយ ដោយទទួលបានប្រាក់២ និងសំរឹទ្ធ៩។

សម្រាប់ម្ចាស់ផ្ទះ កម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ គឺជាប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូង ប៉ុន្តែកម្ពុជាទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអន្តរជាតិ ជាពិសេសមិត្តក្នុងអាស៊ានទាំងមូល។ អ្វីដែលពិសេសគឺទឹកចិត្តដ៏ធំទូលាយ ភាពរួសរាយរាក់ ស្នាមញញឹម ក្នុងនាមជាម្ចាស់ផ្ទះប្រកបដោយភាពកក់ក្តៅជាទីបំផុតសម្រាប់មិត្តក្នុងសហគមន៍អាស៊ានទាំងមូល៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: