សង្គម

អបអរសាទរ! កីឡាការិនីឆ្នើម ស្រួង ភាវី ឈ្នះពាន PBA-LPBA Championship ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅកូរ៉េខាងត្បូង

BY
srey nuch
July 11, 2023

(កូរ៉េ)៖ នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយអ្នកនាង បានបង្ហោះរូបភាពជាច្រើនសន្លឹក ពោរពេញទៅដោយភាពសប្បាយរីករាយ អមជាមួយជ័យជម្នះ ដែលបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមក្នុងកម្មវិធី SILKROAD&ANSAN PBA-LPBA Championship ក្រោយឈ្នះកីឡាការិនីកូរ៉េខាងត្បូង Hyun-ji YONG នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី៩ ខែកក្កដា ដែលធ្វើឡើងនៅទីក្រុង Ansan ខេត្ត Gyeonggi ក្នុងប្រទេសកូរ៉េខាងត្បូង។

បើទោះបីមួយរយៈពេលនេះ អ្នកនាង ស្រួង ភាវី ជាប់ធ្វើកិច្ចការសប្បុរសធម៌ដ៏មមាញឹកយ៉ាងណា ក៏អ្នកនាងតាំងចិត្ត និងខំប្រឹងពុះពារគ្រប់គ្រងថាមពលរបស់អ្នកនាង នៅក្នុងការប្រកួតដ៏ស្វិតស្វាញ រហូតទទួលបានពានរង្វាន់ PBA-LPBA Championship ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ តាមរយៈខ្លឹមសារសំណេររបស់ អ្នកនាង ស្រួង ភាវី បន្ទាប់ពីទទួលបានជ័យជម្នះ ក៏បានបង្ហាញអារម្មណ៍មោទនភាព ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ភារីទទួលជ័យជម្នះ និងយកមោទនភាពជូនប្រជាជនកម្ពុជាលើទឹកដីកូរ៉េម្ដងទៀតហើយ។ បើយើងខ្លាំងធ្វើឱ្យកម្ពុជាខ្លាំង។ បើយើងខ្លាំងប្រជាជនយើងក៏ខ្លាំង។ បើយើងជាមនុស្សអស្ចារ្យ យើងក៏ធ្វើឱ្យកម្ពុជាអស្ចារ្យ។ យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ៕ »

ប្រភព៖ អ្នក នាង Sruong Pheavy

Share This Post: