សង្គម

ក្មេងស្រីតូចម្នាក់ តស៊ូជិះគំនរសំរាមលាយស្នោឆ្លងទឹកទៅសាលារៀន ត្រូវបានអភិបាលថ្មីខេត្តសៀមរាប ចុះទៅជួបដល់ផ្ទះព្រមទាំងផ្ដល់អំណោយ និងថវិកា

BY
srey nuch
September 2, 2023

ខេត្តសៀមរាប៖ កាលពីពេលថ្មីៗនេះ​ ផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក កុមារីម្នាក់ឈ្មោះ ឆុង គ​ន្ធា អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​១ រស់នៅ​ក្នុងភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប ដោយសារសុំទូកគេជិះជាមួយ តែគេមិនឱ្យជិះ ក៏សម្រេចយកសំបកកំប៉ុង លាយសំរាមនិងស្នោ ធ្វើជាទូកដើម្បីឆ្លងទឹកទៅសាលារៀន កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ឃើញហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់ ដែលកុមារីរូបនេះ ចេះតស៊ូធ្វើយ៉ាងណាឱ្យតែបានទៅសាលារៀន ព្រោះខ្លួនចង់ទៅរៀនដូចកូនគេដទៃទៀតដែរ។

បន្ទាប់ពីបានមើលឃើញនូវការលំបាក និងការតស៊ូរបស់កុមារី ឆុង គ​ន្ធា ហើយ អភិបាលថ្មីខេត្តសៀមរាបបានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដើម្បីពិនិត្យផ្ទាល់ ព្រមទាំងផ្តល់អំណោយ ថវិកាមួយចំនួនផងដែរ។

បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយ ឈ្មោះ Veasna Lay បាន​ឱ្យដឹងថា៖ «ឯកឧត្តម ប្រាក់ សោភ័ណ បានជួបកុមារី ជិះ ស្នោ ឆ្លងទឹកដើម្បីទៅសាលារៀននោះហើយ។ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរស្រុកពួក បានចុះសួរសុខទុក្ខ ដល់លំនៅឋានរបស់គ្រួសារកុមារី ដែលរស់នៅជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រនៃស្រុកពួកខេត្តសៀមរាប។ ការយកចិត្តទុកដាក់និងស្នាមញញឹមរបស់អភិបាលខេត្តសៀមរាប អាចធ្វើឲ្យកុមារីរូបនេះកាន់តែមានសង្ឃឹមនិងមានភាពតស៊ូក្នុងឆាកជីវិតដើម្បីអនាគតដ៏ល្អផងដែរ៕ »

ប្រភព៖ Veasna Lay

Share This Post: