សង្គម

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី គ្រោងនឹងសាងសង់ផ្លូវឡូរី ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅក្នុងតំបន់ «រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ»

BY
srey nuch
September 29, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិកម្ម ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហើបពីគម្រោងថ្មីមួយ គ្រោងនឹងសាងសង់ផ្លូវឡូរីប្រវែង ១០.០០០ម៉ែត្រ ទាំងទៅ និងមក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន។

តាមរយៈការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកចូលលេងកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យអោយបានកាន់តែច្រើន វេលាម៉ោង៨ព្រឹក នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រជុំនិងចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយ ក្រុមការងារសាងសង់ផ្លូវឡូរីប្រវែង៥.០០០ម៉ែត្រទៅ និង៥.០០០ម៉ែត្រមកសរុបទៅមក១០.០០០ម៉ែត្រ(10km) គំរោងបង្កើតអោយមានឡូរីចំនួន ៥០គ្រឿងជាបឋមសិន នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ។»​

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមទៀតថា៖ «ដោយសារតែការងារសាងសង់ផ្លូវរត់ឡូរីត្រូវសាងសង់ឆ្លងកាត់ ជ្រោះជ្រងជ្រលងដងអូឡើងចុះជាច្រើនកន្លែង ដូច្នេះហើយការងារសាងសង់នេះអាចនិងត្រូវប្រើពេលប្រមាណជាដប់ទៅដប់ពីរខែទើបអាចរួចរាល់ជាស្ថាពរ ក្រោយពេលចាប់ផ្តើមដំណើរការ ប្រិយមិត្តយើងនិងអាចបានមកជិះឡូរី លេងកម្សាន្តព្រមទាំងគយគន់មើលទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធជាក់ជាមិនខានឡើយ» ៕

ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

Share This Post: