PR

អង្គការមូលនិធិអាស៊ានបង្ហាញលទ្ធផលស្រាវជ្រាវស្តីពីអក្ខរកម្មឌីជីថល ដោយផ្តោតលើគម្លាតអក្ខរកម្មឌីជីថលនៅទូទាំងតំបន់

BY
Liny Chan
March 21, 2024

ទីក្រុងបាងកក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ -. អង្គការមូលនិធិអាស៊ាន ក្រោមការគាំទ្រពី Google.org បានបង្ហាញលទ្ធផលស្រាវជ្រាវស្តីពីអក្ខរកម្មឌីជីថលនៅសន្និសីទថ្នាក់តំបន់អាស៊ាន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ដោយមានការផ្តោតលើអក្ខរកម្មឌីជីថលក្នុងតំបន់។ ក្រោមចំណងជើង « គម្លាតមួយ ឫ គម្លាតច្រើន? អក្ខរកម្មឌីជីថលដ៏មានអត្ថន័យរបស់សហគមន៍អាស៊ានដែលមានការខ្វះខាត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិត» ការសិក្សានេះ បង្ហាញពីការចូលរួមជាលក្ខណៈ ឌីជីថល របស់ សហគមន៍ អាស៊ាន ដែលមានការខ្វះខាត។ ការសិក្សានេះផ្តោតទៅលើចំណេះដឹង ជំនាញ បទពិសោធន៍ និងការឆ្លើយតបរបស់ពួកគេចំពោះព័ត៌មានមិនពិតក្នុងគោលបំណងបង្កើតការយល់ដឹងជាមូលដ្ឋានអំពីតួនាទីរបស់អក្ខរកម្មឌីជីថលក្នុងការទទួលស្គាល់ និងឆ្លើយតបទៅនឹងព័ត៌មានមិនពិតនៅក្នុងសហគមន៍ទាំងនេះ។

ការស្រាវជ្រាវនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ៗនៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ដោយមានការផ្តល់អត្ថប្រយោជន៍ ដល់បុគ្គលជាង ១៩០ ០០០ នាក់ នៅទូទាំងតំបន់អាស៊ានជាមួយនឹងជំនាញអក្ខរកម្មឌីជីថលសំខាន់ៗ។ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ានរួមបញ្ចូលការផ្សព្វផ្សាយដោយផ្ទាល់ដោយក្រុមប្រឹក្សាយុវជនអាស៊ាន ដែលប្រមូលផ្តុំយ៉ាងសកម្មនូវយុទ្ធនាការតាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដោយមានការចូលរួមពីមនុស្ស ៣ ០០០ នាក់តាមរយៈសកម្មភាពនៅនឹងកន្លែង និងឈានដល់ជាង ៩០០ ០០០ នាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ កម្មវិធីនេះក៏បានបើកដំណើរការវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច https://www.digitalclassasean.org/ដែលដោះស្រាយបញ្ហាព័ត៌មានមិនពិត។

លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានថ្លែងថា៖ « នៅពេលដែលការស្រាវជ្រាវកម្មវិធីអក្ខរកម្មឌីជីថលចុងក្រោយបង្អស់របស់អាស៊ានបានបញ្ចប់ អង្គការមូលនិធិអាស៊ានអញ្ជើញអ្នកពាក់ព័ន្ធផ្នែកយុទ្ធសាស្ត្រឱ្យចូលរួម និងពិភាក្សាអំពីរបាយការណ៍សិក្សា និងការរកឃើញនាៗ។ ការស្រាវជ្រាវនេះគ្របដណ្តប់លើការស្ទង់មតិ និងការប្រមូលទិន្នន័យប្រកបដោយគុណភាពពីប្រទេសសមាជិកអាស៊ានទាំង១០។ យើងកំពុងបង្ហាញវានៅក្នុងសន្និសីទនេះ ដូច្នេះអ្នកចូលរួមអាចស្តាប់ការយល់ដឹង និងអនុសាសន៍ពីប្រទេសសមាជិកនីមួយៗ និងមានការពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវពីប្រទេសទាំងនោះ។ យើងសង្ឃឹមថាការស្រាវជ្រាវនេះនឹងជួយតភ្ជាប់គម្លាតឌីជីថលនៅក្នុងតំបន់អាស៊ាន បង្កើតបរិយាបន្នឌីជីថល និងមានសុវត្ថិភាពជាងមុន។»

យោងតាម របាយការណ៍ នេះ កម្រិតនៃការគិតត្រិះរិះពិចារណា និងសមត្ថភាពការពារឯកជនភាព មានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយនៅទូទាំងរដ្ឋសមាជិកអាស៊ាន។ គួរកត់សម្គាល់ថា ប្រទេសថៃបង្ហាញភាគរយទាបបំផុតនៃបុគ្គលដែលមានជំនាញការគិតត្រិះរិះពិចារណានោះគឺ ២៥ភាគរយ ធៀបនឹងប្រទេសកម្ពុជាដែលជាប្រទេសជិតខាងដែលមានដល់ទៅ ៦២,២ភាគរយ។ ប្រទេសហ្វីលីពីននៅក្រោយគេសម្រាប់សមត្ថភាពប្រជាជនក្នុងការការពារឯកជនភាព ដោយមានតែ ១៧,៤២ភាគរយ នៃបុគ្គលដែលមានជំនាញខ្ពស់ ខណៈសិង្ហបុរីមានរហូតដល់ ៥៤,៣៧ភាគរយ។

របាយការណ៍បានរកឃើញថា ប្រទេសកម្ពុជាប្រឈមមុខនឹងគម្លាតអក្ខរកម្មឌីជីថលគួរឱ្យកត់សម្គាល់ ទោះបីជាមានការទទួលយកបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សក៏ដោយ។ ខណៈពេលដែលអត្រានៃការជ្រៀតចូលនៃអ៊ីនធឺណិត និងទូរស័ព្ទចល័តមានកម្រិតខ្ពស់ (៦៧,៥ភាគរយ នៃប្រជាជនមានអ៊ីនធឺណិតប្រើប្រាស់) មានតែ ៣០ភាគរយនៃប្រជាជនកម្ពុជាមានជំនាញប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងឌីជីថលជាមូលដ្ឋាន។ ជាពិសេសជនជាតិដើមភាគតិចប្រឈមមុខនឹងបញ្ហា ដោយសារតែជំនាញឌីជីថលរបស់ពួកគេ និងប្រភពព័ត៌មានដែលអាចទុកចិត្តបាននៅមានកម្រិត ធ្វើឱ្យការបែងចែកឌីជីថលកាន់តែមានគម្លាតយ៉ាងធ្ងន់ធ្ងរ។ ទោះបីជា ៦២,២ភាគរយ នៃចំនួនប្រជាជនបង្ហាញពីសមត្ថភាពនៃ ការគិតត្រិះរិះពិចារណាខ្ពស់ក៏ដោយ ការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់សមត្ថភាពរបស់បុគ្គលកម្ពុជាក្នុងការទទួលយកព័ត៌មានដោយត្រឹមត្រូវ។ ការរកឃើញទាំងនេះបានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់គំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលតាមតម្រូវការ ដើម្បីដោះស្រាយតម្រូវការចម្រុះរបស់សហគមន៍កម្ពុជា ដែលអនុញ្ញាតឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពេញលេញពីសេដ្ឋកិច្ចឌីជីថល និងប្រឆាំងព័ត៌មានមិនពិតប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងការចេញផ្សាយការរកឃើញទាំងនេះ អង្គការមូលនិធិអាស៊ានមានគោលបំណងជំរុញឱ្យមានការពិភាក្សាដ៏មានអត្ថន័យ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមអក្ខរកម្មឌីជីថលចម្រុះដែលមាននៅក្នុងតំបន់អាស៊ាន។ គោលដៅរបស់ខ្លួនគឺដើម្បីពង្រឹងភាពធន់របស់សហគមន៍ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ឫ ព័ត៌មានខុស តាមរយៈកម្មវិធីអក្ខរកម្មឌីជីថលដ៏ទូលំទូលាយ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ដោយគិតគូរពីភាពខុសគ្នានៃហេដ្ឋារចនាសម្ព័ន្ធ ឥទ្ធិពលសង្គម-វប្បធម៌ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលផ្សេងៗគ្នានៅទូទាំងតំបន់អាស៊ាន។

ដូចដែលលោកស្រី Marija Ralic តំណាង Google.org APAC បានលើកឡើងថា៖ « យើងមានមោទនភាពក្នុងការគាំទ្រអង្គការមូលនិធិអាស៊ានក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនទូទាំងតំបន់ជាមួយនឹងចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់ និងជំនាញសុវត្ថិភាពតាមអ៊ីនធឺណិត។ ការយកចិត្តទុកដាក់របស់ Google.org ក្នុងការជំរុញសុវត្ថិភាពឌីជីថល គឺសមស្របនឹងបេសកកម្មរបស់មូលនិធិអាស៊ានក្នុងការផ្តល់អំណាចដល់សហគមន៍អាស៊ាន តាមរយៈចំណេះដឹងផ្នែកឌីជីថល ដែលនឹងរួមចំណែកដល់អាស៊ានដែលធន់នឹងឌីជីថល។ កាលពីថ្មីៗកន្លងទៅនេះ Google.org បានគាំទ្រអង្គការមូលនិធិអាស៊ានជាមួយនឹងជំនួយចំនួន ១,៥ លានដុល្លារ ដើម្បីជួយដល់ការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ។

សន្និសីទថ្នាក់តំបន់អាស៊ានក៏មានការចូលរួមពីប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការមូលនិធិអាស៊ាន តំណាងមកពី Google.org តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ដៃគូអនុវត្តក្នុងស្រុករបស់ កម្មវិធីអក្ខរកម្មឌីជីថលអាស៊ាន អង្គភាពអាស៊ាន អ្នកផ្តួចផ្តើមគំនិត និងអ្នកជំនាញផ្នែកអក្ខរកម្មឌីជីថលនៅក្នុងតំបន់។ សន្និសិទនេះបានបញ្ចប់ដោយកិច្ចពិភាក្សាលើប្រធានបទ « ពីគម្លាតទៅជាការពង្រឹងអំណាច៖ យុទ្ធសាស្រ្តសម្រាប់បរិយាបន្នអក្ខរកម្មឌីជីថលនៅក្នុងតំបន់អាស៊ាន» ដែលបានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងអំណាចឆ្ពោះទៅរកបរិយាបន្នអក្ខរកម្មឌីជីថល ជាពិសេសក្នុងចំណោមសហគមន៍ជួបការខ្វះខាតក្នុងតំបន់អាស៊ាន។


 
អំពីអង្គការមូលនិធិអាស៊ាន
បីទស្សវត្សរ៍បន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង មេដឹកនាំអាស៊ានបានទទួលស្គាល់ថា ភាពខ្វះខាតគឺនៅតែមានសម្រាប់ភាពរីកចម្រើនរួម ការយល់ដឹងពីអាស៊ាន និងការទំនាក់ទំនងគ្នាក្នុងចំណោមប្រជាជនអាស៊ាន។ ដោយមូលហេតុនេះមេដឹកនាំអាស៊ានបានសម្រេចបង្កើតនូវអង្គការមូលនិធិអាស៊ានក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ របស់អាស៊ាននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៧។

អង្គការមូលនិធិអាស៊ាន គឺជាអង្គការមួយដែលបង្កើតឡើងពី និងសម្រាប់ប្រជាជនអាស៊ាន។ មូលនិធិនេះកើតឡើងដោយចក្ខុវិស័យមួយគឺដើម្បីកសាងសហគមន៍អាស៊ានមួយដែលមានវិបុលភាពនិងទំនាក់ទំនងល្អ។ ក្នុងនាមជាស្ថាប័នមួយរបស់អាស៊ាន មូលនិធិនេះមានភារកិច្ចជួយដល់អាស៊ានជាចម្បងក្នុងការលើកកម្ពស់ការយល់ដឹង អត្តសញ្ញាណ អន្តរកម្ម និងការអភិវឌ្ឍន៍របស់ប្រជាជនអាស៊ាន។ សម្រាប់ព័ត៌មានបន្ថែមអំពីមូលនិធិអាស៊ាន សូមចូលទៅកាន់គេហទំព័រ៖ www.aseanfoundation.org

អំពី Google.org
Google.org ដែលជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន Google នាំមកជូននូវអ្វីដែលល្អបំផុតពី Google ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតមួយចំនួនរបស់មនុស្សជាតិ ដែលរួមមានការផ្ដល់មូលនិធិ ការបរិច្ចាគផលិតផល និងជំនាញបច្ចេកទេស ដើម្បីគាំទ្រសហគមន៍ដែលមិនសូវទទួលបានឱកាសនេះ និងផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នា។ Google.org ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល សហគ្រាសសង្គម និងអង្គភាពពលរដ្ឋដែលផ្តល់ឥទ្ធិពលជាវិជ្ជមានយ៉ាងសំខាន់លើសហគមន៍ដែលពួកគេបម្រើ ហើយដែលការងាររបស់ពួកគេមានសក្តានុពលក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។
 
សម្រាប់ព័ត៌មានបន្ថែម៖
Anthoni Octaviano,
ប្រធានផ្នែកទំនាក់ទំនងនៃអង្គការមូលនិធិអាស៊ាន
អ៊ីមែល៖ anthoni.octaviano@aseanfoundation.org

Share This Post: