ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ប្រទះឃើញសត្វក្រពើមួយក្បាលទម្ងន់ប្រមាណជាង ៥០គីឡូក្រាម បណ្តែតខ្លួនតាមទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវកម្លាំងជំនាញចាប់ចេញពីក្នុងទឹកបានហើយ

BY
srey nuch
March 26, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រទះឃើញសត្វក្រពើមួយក្បាលបណ្តែតខ្លួនតាមទឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋផ្សេងៗទៀត ហើយភ្លាមៗត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកនូវរូបភាពនេះជាបន្តបន្ទាប់។

ទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការដឹកនាំកម្លាំងរួមជាមួយមន្រ្តីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង អាជ្ញាធម៌មូលដ្ឋាននិងប្រជាពលរដ្ឋផង បានប្រើប្រាស់វិធីក្នុងការចាប់យកសត្វក្រពើនេះចេញពីក្នុងទឹកស្ទឹងបាននៅវេលាព្រឹកថ្ងៃដដែល ដែលសត្វក្រពើនោះមានទម្ងន់ប្រមាណជាង ៥០គីឡូក្រាម បច្ចុប្បន្ននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា ពីពេលមុនមកមិនមានព័ត៌មានពីការប្រទះឃើញសត្វក្រពើនេះទេ ទើបតែព្រឹកនេះតែម្តង ត្រូវបានប្រទះឃើញ ហើយសមត្ថកិច្ចបានចាត់វិធានការភ្លាមៗហើយ តាមការបញ្ជាក់ ពីសមត្ថកិច្ចនៅមូលដ្ឋានប្របមាត់ស្ទឹងដែលមានការចិញ្ចឹមសត្វក្រពើនេះ មិនមានព័ត៌មានអំពីការបាត់បង់សត្វក្រពើនោះឡើយ។ ទោះជាយ៉ាងនេះក្តីសត្វក្រពើមួយក្បាល នេះមិនទាន់បានបង្កគ្រោះថ្នាក់ដល់មនុស្សនៅឡើយទេ។

ទន្ទឹមនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម ផ្តល់ព័ត៌មានបានទាន់ពេលវេលាពីប្រជាពលរដ្ឋ ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីឱ្យសមត្ថកិច្ចបានចាត់វិធានការទាន់ពេលវេលា។ ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបជាព័ត៌មាននិងកុំមានការបារម្ភ សូមអរគុណ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Share This Post: