ព័ត៌មានជាតិ

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យលើទឹកដីនៃខេត្តកំពង់ស្ពឺ

BY
srey nuch
April 8, 2024

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ដីពីការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿន បានប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

កម្មវិធីពិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរស្រុកសំរោងទង អាជ្ញាធរឃុំត្រពាំងគង សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ។

បើតាមការសិក្សា អំពីប្រវត្តិនៃពិធីនេះ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ចំនួនរទេះសាឡីគោក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) ក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ហើយជាលទ្ធផល៖

– លេខ១គោគូធំ មកពីខេត្តកំពង់ចាម ឯលេខ២ មកពីខេត្តកំពង់ស្ពឺ និងលេខ៣ មកពីរាជធានីភ្នំពេញ
– លេខ១ស្ទួន គោគូតូច មកពីខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងលេខ៣ មកពីរាជធានីភ្នំពេញ។ ដោយឡែកនាឆ្នាំនេះ ក៏មានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណជាងពីរពាន់នាក់ និងមានអ្នកចូលមើលក្នុងហ្វេសប៊ុកផ្លូវការរបស់មន្ទីរមានប្រមាណមួយម៉ឺននាក់គិតដលល់ម៉ោង២០៖០០នាទី ៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: