ព័ត៌មានជាតិ

ទីតាំងរូបសំណាកសេះសមុទ្របាញ់ទឹក គឺជាកន្លែងដែលពេញនិយមសម្រាប់ភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងក្រុងកំពត

BY
srey nuch
April 18, 2024

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា ទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺជាគោលដៅចម្បងរបស់ភ្ញៀវដែលធ្វើដំណើរឆ្ពោះមកកម្សាន្តក្នុងក្រុងកំពត។ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទីលានរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ស្ថិតនៅលំដាប់ទី១ ខណៈដែលបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ឈរនៅលំដាប់បន្ទាប់ដែលភ្ញៀវពេញនិយម។

លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងចំណោមទេសចរជិត ១លាន ៤សែននាក់ដែលបានចូលមកកម្សាន្តនៅខេត្តកំពត នាពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ក្រុងកំពតទទួលភ្ញៀវបានជាង ១លាន ២សែននាក់។ សម្រាប់ក្រុងកំពតរយ:ពេល ៤ថ្ងៃនោះ គឺភ្ញៀវជិតឆ្ងាយនិយមចូលចិត្តទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ខ្លាំងជាងគេ បន្ទាប់មកបរិវេណតំបន់ត្រជាក់រង្វង់មូលទុរេន ស្ថិតនៅលំដាប់ទី២។ លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា វត្តមានភ្ញៀវកើនឡើងនៅទីតាំងតំបន់ត្រជាក់រង្វង់មូលទុរេន មានតែវេលារសៀលស្របពេលដែលពិធីបាញ់ទឹករាំលេងកម្សាន្តដំណើរការប៉ុណ្ណោះ។ ប៉ុន្តែនៅបរិវេណរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក គឺកុះករទាំងព្រឹក រសៀល និងយប់ គឺមានតាំងពីមុនថ្ងៃចូលឆ្នាំម្ល៉េះ។ ជាទូទៅ ឆ្នាំនេះនៅតាមរមណីយដ្ឋាននានាមិនសូវសម្បូរភ្ញៀវទេសចរនោះទេ ពោលគឺភ្ញៀវហាក់មានការថយចុះ បែរជាកើនឡើងក្នុងក្រុងកំពតទៅវិញ។

សូមបញ្ជាក់ថា តាមរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍គឺរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតទទួលភ្ញៀវទេសចរបាន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវមកលេងកម្សាន្ត និងថតរូបអនុស្សាវរីយនៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ក្រុងកំពត មានចំនួន ១.២៤៥.៤២២នាក់ ចំណែកឯនៅតាមរមណីយដ្ឋាននានាមានចំនួន ១៥៤.៩៥៣នាក់៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

Share This Post: