ព័ត៌មានជាតិ

ផ្សោតក្បាលត្រឡោក ជាសត្វដ៏កម្រ និងជារតនសម្បត្តិជាតិ

BY
srey nuch
April 22, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វផ្សោត គឺជាថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ ៣ឆ្នាំ ហើយផ្សោតញីត្រូវពពោះរយៈពេល ១៤ខែ ដោយកើតម្តងបានកូនតែ ១ក្បាល ប៉ុណ្ណោះ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ថា ផ្សោតក្បាលត្រឡោកមានទីជម្រកពីរខុសគ្នារវាងដែនទឹកសមុទ្រ និងទឹកសាប ហើយមានរូបរាងដូចគ្នា។ ប្រវែងដងខ្លួនរបស់វាទើបកើតមកមានប្រវែង ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។

គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោក វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយ ខ្នងមានទម្រង់ផ្សេងៗគ្នា។ ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមាន ពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវា។ ការរស់នៅផ្សោតប្រភេទនេះ តែងហែល និងក្រឡាប់ខ្លួនលើផ្ទៃទឹកយឺតៗ ហើយងើបដកដង្ហើមក្នុងបរិយាកាសរយៈពេល ពី៧០-១៥០ វិនាទីម្តង។ ផ្សោតក្បាលត្រឡោកញីអាចបន្តពូជបានចាប់ពីអាយុ ៧ឆ្នាំឡើងទៅ និងរយៈពេលពពោះគឺ ១៤ខែ។ សត្វផ្សោតប្រភេទនេះ វាត្រូវបានឃើញមាននៅរស់ នៅក្នុងក្រុងព្រះសីហនុ បណ្តោយឆ្នេរខេត្តកោះកុង (ចំណុចប្រសព្វរវាងទឹកប្រៃ-សាប)។

ស្ថានភាពអភិរក្ស ផ្សោតមេគង្គជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (LR) ជាប្រភេទរងគ្រោះតិចតួច ប៉ុន្តែវាត្រូវបានចាត់ថ្នាក់នៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES។ សត្វផ្សោតប្រភេទនេះងាយគ្រោះថ្នាក់នៅពេលជម្រៅទឹក មានកម្រិតរាក់ខ្លាំង ដែលមិនបង្កលក្ខណៈឱ្យវាហែលចាប់ចំណីបាន។ ជាពិសេសចំពោះផ្សោតទន្លេ វាកំពុងរង គ្រោះថ្នាក់ដោយសារជាប់សំណាញ់អ្នកនេសាទ និងការប្រែប្រួលជម្រៅ និងគុណភាព នៃទឹកទន្លេ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: