ព័ត៌មានជាតិ

ក្រសួងធនធានទឹក៖ នៅដើមរដូវវស្សា ចាប់ពីខែឧសភា ដល់ខែមិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

BY
srey nuch
April 23, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពី បណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក (WMO) ក្រសួងធនធានទឹក និង ឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុង ដើមរដូវវស្សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដូចខាងក្រោម៖

១. បាតុភូតសកល
យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថាចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។

២. ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា
ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃព្រះរាជា ណាចក្រកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: