អន្តរជាតិ

អាជ្ញាធរបែលហ្ស៊ិកសម្រេចលើកលែងទោសបុរសម្នាក់ពីបទ “បើកបរក្នុងពេលស្រវឹង” ក្រោយរកឃើញថាគាត់មានជំងឺម្យ៉ាងដែលធ្វើឱ្យរាងកាយអាចផលិតជាតិអាកុលបានដោយខ្លួនឯង

BY
Pheakdey
April 23, 2024

បែលហ្ស៊ិក៖ បុរសជនជាតិបែលហ្ស៊ិកម្នាក់ត្រូវបានអាជ្ញាធរសម្រេចដោះលែងឱ្យរួចទោសពីបទល្មើស “បើកបរក្នុងពេលស្រវឹង” ក្រោយវេជ្ជបណ្ឌិតបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងដែលធ្វើឱ្យរាងកាយរបស់គាត់អាចផលិតជាតិអាកុលបានដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ សូមបញ្ជាក់ជូនថា ករណីនេះត្រូវបានចាត់ទុកជាករណីកម្របំផុតមួយមិនថាតែនៅក្នុងប្រទេសបែលហ្ស៊ិកនោះទេ តែសម្រាប់នៅក្នុងពិភពលោកផងដែរ។

គួររម្លឹកជូនថា នាពេលកន្លងមកបុរសជាជនសង្ស័យក្នុងករណីបទល្មើសចរាចរណ៍ខាងនេះត្រូវបានប៉ូលិសឃាត់ពីបទ “បើកបរក្នុងពេលស្រវឹង” តាមរយៈភស្តុតាងជាក់ស្តែងនៅលើឧបករណ៍ផ្លុំជាតិអាកុល ខណៈរូបគាត់បានបដិសេធថា គាត់មិនបានទទួលទានគ្រឿងស្រវឹងនោះទេ។ ដោយមានការប្រកែកមិនព្រមទទួលកំហុស ករណីនេះបានក្លាយជារឿងចម្រូងចម្រាសធំមួយដែលត្រូវដោះស្រាយដល់តុលាការ និងមានការចូលរួមបញ្ជាក់ពីខាងក្រុមវេជ្ជបណ្ឌិតជំនាញផងដែរ។

ក្រោយការពិនិត្យទៅលើរាងកាយរបស់បុរសជាជនសង្ស័យគេបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងឈ្មោះ Auto-brewery Syndrome (ABS) ដែលបញ្ហាសុខភាពដ៏កម្រនេះអាចធ្វើឱ្យរាងកាយផលិតជាតិអាកុលដោយខ្លួនឯងក្នុងកម្រិតដ៏ខ្ពស់ ពោលគឺដល់កម្រិតដែលធ្វើឱ្យដង្ហើមរបស់គាត់មានជាតិអាកុលខ្ពស់ដូចអ្នកផឹកគ្រឿងស្រវឹងច្រើនអីចឹងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Lisa Florin បានពន្យល់ថា ជំងឺ Auto-brewery Syndrome មិនមែនកើតមានក្នុងរាយកាយមនុស្សពីធម្មជាតិនោះទេ តែវាបានកើតឡើងក្រោយអ្នកជំងឺមានបញ្ហាពោះវៀនរ៉ាំរ៉ៃ (សម្រាប់អ្នកជំងឺមួយចំនួនតូចមិនមែនទាំងអស់នោះទេ) ហើយបើទោះជានៅក្នុងដង្ហើមពួកគេមានជាតិអាកុលច្រើនក៏ពិតមែន តែពួកគេមិនមានអារម្មណ៍ស្រវឹងដូចអ្នកដែលបានផឹកគ្រឿងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: