ព័ត៌មានជាតិ

ព្រឹកស្អែកនេះ នឹងមានការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោកម្ពុជា-សាវលីញចិន នៅបរិវេណប្រាសាទបាយ័ន

BY
srey nuch
April 23, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះនឹងមានការសម្ដែងរួមគ្នាដ៏ធំមួយ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររវាងក្បាច់គុនល្បុក្កតោកម្ពុជា និងក្បាច់គុនសាវលីញរបស់ចិន នៅបរិវេណខាងជើងប្រាសាទបាយ័ន ចាប់ពីវេលាម៉ោង ៧៖៣០នាទីតទៅ។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានគូសបញ្ជាក់ថា ការសម្ដែងនេះធ្វើឡើងដើម្បីអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ និងជាការរឹតចំណងមិត្តភាពរវាងក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងពីរ»។ ការសម្ដែងរួមគ្នាលក្ខណៈទ្វេភាគីនេះជាជំហានដំបូងមួយ និងបន្តនៅក្នុងជំហានបន្តបន្ទាប់ទៀត ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏កំពុងគ្រោងរៀបចំទិវាគុនចម្រុះ ឬ World Martial Arts នៅមុខប្រាសាទអង្គរវត្ត ស្របពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអនុញ្ញាតជាគោលការណ៍រៀបចំនៅឆ្នាំក្រោយផងដែរ។

ឯកឧត្ដម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់ក្តីជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញដល់ទេសចរណ៍ និងសេដ្ឋកិច្ច ក៏ដូចជាលើកតម្លៃក្បាច់គុនខ្មែរព្រលឹងជាតិខ្មែរ គុនល្បុក្កតោមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្វីដែលពិសេស គឺបានបង្ហាញក្បាច់គុនដ៏ចំណាស់នៅពីមុខទឹកដីអច្ឆរិយៈតំបន់អង្គរ ហើយក៏បានបង្ហាញពីប្រវត្តិ ទស្សនៈវិជ្ជា ឱ្យក្បាច់គុនផ្សេងៗបានឃើញ។ តាមគម្រោងតំណាងអង្គការយូណេស្កូក៏ត្រូវបានអញ្ជើញឱ្យចូលរួមទស្សនានូវសកម្មភាពសម្តែងទស្សនីយភាពទាំងនេះដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ស្តីពីព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor បានឱ្យដឹងថា ដើម្បីបន្តជំរុញការអនុវត្ត «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When shaolin Moots Bokator At Angkor នៅបរិវេណខាងជើងប្រាសាទបាយ័ន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែង រួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជាក៏បានអំពាវនាវដល់សា្ថប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤ និងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន» ផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: