ព័ត៌មានជាតិ

ជនសង្ស័យឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច ត្រូវកម្លាំងជំនាញតាមប្រដេញចាប់ខ្លួនបានភ្លាមៗ

BY
srey nuch
April 23, 2024

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២១៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន ០២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងឈប់ម៉ូតូបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវថ្នល់រទេះភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យឈ្មោះ ម៉ឹង វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវថ្នល់រទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់)។

រីឯឈ្មោះ ជាតិ ដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់។ សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្តាល1J-3063(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12pro max ពណ៌ខៀវ (របស់ជនរងគ្រោះ)។ ទូរស័ព្ទខាងលើកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីរងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

Share This Post: